(ហ្សាការតា)៖ ក្រសួងការបរទេសឥណ្ឌណេស៉ី នៅថ្ងៃអង្គារសប្តាហ៍នេះបានទទួលស្គាល់ថា អ្នកតំណាងរបស់រដ្ឋាភិបាលតាលីបង់ ពិតជាបានធ្វើដំណើរមកកាន់ទីក្រុងហ្សាការតា កាលពីដើមខែកក្កដានេះ ប៉ុន្តែវាជាទស្សនកិច្ចក្រៅផ្លូវការ បើទោះបីជាក្រុងកាប៊ុលនិយាយថា អ្នកតំណាងរបស់ពួកគេបានជួបអ្នកនយោបាយ នៅក្នុងប្រទេសដែលមានប្រជាជនកាន់សាសនាអ៉ីស្លាមច្រើនជាងគេមួយនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី លោក តូគួ ហ្វៃយ៉ាស់ស្យា (Teuku Faizasyah) បានប្រាប់ AFP យ៉ាងដូច្នេះថា «តាមដែលខ្ញុំដឹង គឺថាពួកគេ (អ្នកតំណាងរដ្ឋាភិបាលតាលីបង់) មកទាក់ទងជាមួយស្ថានបេសកកម្មអាហ្វហ្កានីស្ថានក្នុងទីក្រុងហ្សាការតា។ នេះមិនអាចចាត់ទុកថាជាដំណើរទស្សនកិច្ចផ្លូវការនោះទេ»។

ប៉ុន្តែ អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាហ្វហ្កានីស្ថាន លោក ហាហ្វីស ហ្ស៉ីយ៉ា អាម៉ាត់ (Hafiz Zia Ahmad) បានសរសេរនៅលើគណនី Twitter ថា អ្នកការទូតកំពូលម្នាក់របស់រដ្ឋាភិបាលតាលីបង់ បានដឹកនាំ «គណៈប្រតិភូ» ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហើយបានជួបប្រជុំពិភាក្សាជាមួយបញ្ញវន្ត អ្នកនយោបាយ ពាណិជ្ជករ សម្រាប់ការពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចទ្វេភាគី។

គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានវិញនៅខែសីហា ឆ្នាំ២០២១ ក្រុមតាលីបង់ កំពុងព្យាយាមពង្រឹង ការទទួលស្គាល់របបគ្រប់គ្រងរបស់ខ្លួន នៅតាមប្រទេសកាន់សាសនាអ៉ីស្លាមនានា រួមទាំងឥណ្ឌូណេស៉ីផងដែរ ប៉ុន្តែទីក្រុងហ្សាការតា មិនបានទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលនេះទេ៕