(តូក្យូ)៖ ទិន្នន័យរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនប្រជាជនជប៉ុនបានថយចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ខណៈចំនួនជនបរទេសកើនដល់ជិត ៣លាននាក់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ទិន្នន័យបង្ហាញថា មានប្រជាជនជប៉ុនវ័យចំណាស់នៅទូទាំងប្រទេស ហើយថាជនបរទេសកំពុងដើរតួនាទីកាន់តែចម្បង ក្នុងការបង្កើតចំនួនប្រជាជនដែលធ្លាក់ចុះ។ បើតាមទិន្នន័យចុះបញ្ជីលំនៅដ្ឋានគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣ ដែលចេញផ្សាយដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជប៉ុន ចំនួនប្រជាជនបានធ្លាក់ចុះសម្រាប់ឆ្នាំទី ១៤ហើយ គឺមកត្រឹម ១២២.៤២លាននាក់។ នេះគឺជាលើកដំបូងហើយដែលមានការធ្លាក់ចុះចំនួនប្រជាជនទូទាំង ៤៧ខេត្តរបស់ជប៉ុន។
ដោយឡែក ជនបរទេសរស់នៅក្នុងប្រទេសជប៉ុនមានចំនួន ២.៩៩លាននាក់កើនឡើង ១០.៧% ធៀបនឹងឆ្នាំ ២០២២ ដែលជាការកើនឡើងក្នុងចំនួនច្រើនបំផុតពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជប៉ុន ចាប់ផ្តើមកត់ត្រាទិន្នន័យកាលពី ១០ឆ្នាំមុន។
គួរបញ្ជាក់ថា ចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុន បានធ្លាក់ចុះប្រហែល ៥១១,០០០នាក់។ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មុនពេលជំងឺកូវីដ ១៩ រីករាលដាលនៅជុំវិញពិភពលោក មានជនបរទេសចំនួន ២.៨៧លាននាក់រស់នៅក្នុងប្រទេសជប៉ុន៕