(តៃប៉ិ)៖ នៅថ្ងៃពុធនេះ តៃវ៉ាន់បានធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិ តាវយ័ន (Taoyuan) ដោយប្រតិបត្តិការជើងហោះហើរ ត្រូវបានផ្អាករយៈពេលខ្លី ខណៈដែលកងទ័ពតៃវ៉ាន់បានធ្វើការហាត់សម ដើម្បីការពារទីតាំងព្រលានយន្តហោះ ក្រោមសេណារីយ៉ូធ្វើដូចជាមានការវាយប្រហារមែនទែន ពីទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
លំហាត់យោធាខាងលើ គឺជាផ្នែកនៃព្រឹត្តិការណ៍សមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលមានរយៈពេលប្រមាណ១សប្តាហ៍ ហៅថា ហានគ័ង (Han Kuang)។ សមយុទ្ធក្នុងឆ្នាំនេះ បានរួមបញ្ចូលនូវការការពារអាកាសយានដ្ឋានស៉ីវិល ស្របពេលដែលទីក្រុងប៉េកាំង បាននិងកំពុងបង្កើនការដាក់សម្ពាធផ្នែកនយោបាយនិងយោធា មកលើកោះតៃវ៉ាន់។ វាក៏ជាលើកដំបូងផងដែរ ដែលសមយុទ្ធយោធាបែបនេះ ត្រូវបានប្រារព្ធឡើងនៅព្រលានយន្តហោះ Taoyuan ដែលធំបំផុតប្រចាំតៃវ៉ាន់ គិតចាប់តាំងពីការបើកដំណើរការ នៅឆ្នាំ១៩៧៩មក។
យោងតាមក្រុមអ្នកជំនាញយោធា តៃវ៉ាន់កំពុងតែដកស្រង់បទពិសោធន៍ ពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ខណៈអ៊ុយក្រែន កាលពីឆ្នាំមុន ទប់ស្កាត់បានសម្រេច នូវការព្យាយាមដណ្តើមកាន់កាប់របស់កងទ័ពឆ័ត្រយោងរុស្ស៉ី លើព្រលានយន្តហោះ អាន់តូនូវ (Antonov) ដែលស្ថិតនៅជាយរដ្ឋធានីកៀវ។
គួរបញ្ជាក់ថា តៃវ៉ាន់តែងតែធ្វើសមយុទ្ធយោធាយ៉ាងញឹកញាប់ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏បានផ្តោតបង្កើនការហាត់សមសមាសធាតុផ្នែកស៉ីវិលផងដែរ។ ក្នុងសប្តាហ៍នេះ ស្របពេលដែលកងទ័ពប្រារព្ធសមយុទ្ធជាច្រើននៅទូទាំងដែនកោះ អាជ្ញាធរប្រចាំមូលដ្ឋានបាននិងកំពុងរៀបចំការហ្វឹកហាត់ ដើម្បីបង្ហាត់ឱ្យប្រជាជនតៃវ៉ាន់ចេះរបៀបការពារខ្លួន ក្រោមសេណារីយ៉ូ ពេលមានការវាយប្រហារតាមផ្លូវអាកាសនៅតាមទីក្រុងផ្សេងៗ៕