(សិង្ហបុរី)៖ នៅថ្ងៃពុធនេះ សិង្ហបុរីបានប្រហារជីវិតបុរសម្នាក់ដោយការព្យួករ ដែលមានទោសពីបទរត់ពន្ធគ្រឿងញៀន ខណៈវាកើតឡើងនៅរយៈពេល២ថ្ងៃ មុនការប្រហារជីវិតអ្នកទោសស្រ្តីលើកដំបូង នៅប្រទេសអាស៊ានមួយនេះ គិតក្នុងរយៈពេលជិត២០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
លោក ម៉ូហាម៉ាត់ អាហ្ស៉ីស ប៊ីន ហ៊ូសេន (Mohd Aziz bin Hussain) ដែលជាជនជាតិម៉ាឡេសញ្ជាតិសិង្ហបុរីម្នាក់ ត្រូវបានផ្តន្ទាទោសប្រហារជីវិតកាលពីឆ្នាំ២០១៧ សម្រាប់ការរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៉ីន (heroin) ទម្ងន់លើស៤៩.៩៨ក្រាម។ លោកត្រូវបានប្រហារជីវិតនៅពន្ធនាគារឆាងហ្គី (Changi)។ បុរសវ័យ៥៧ឆ្នាំរូបនោះ គឺជាអ្នកទោសទី១៤ហើយ ដែលត្រូវបានប្រហារជីវិត បើគិតចាប់តាំងតែពីពេលរដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមការប្រហារជីវិតឡើងវិញ កាលពីខែមីនា ឆ្នាំ២០២២ ក្រោយផ្អាករយៈពេល២ឆ្នាំ អំលុងការរាតត្បាតនៃវិបត្តិជំងឺ១៩។
ដោយឡែក បើតាមអង្គការសិទ្ធិមនុស្សក្នុងប្រទេសសិង្ហបុរី TJC ស្រ្តីអ្នកទោសបទល្មើសគ្រឿងញៀនម្នាក់ វ័យ៤៥ឆ្នាំ ឈ្មោះ សារីឌូវី ដ្យាម៉ានី (Saridewi Djamani) ក៏ត្រូវបានគេគ្រោងធ្វើការប្រហារជីវិត នៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ បន្ទាប់ពីត្រូវបានផ្តន្ទាទោសនៅឆ្នាំ២០១៨ សម្រាប់ការរត់ពន្ធហេរ៉ូអ៉ីនប្រហែល៣០ក្រាម។ ប្រសិនវាប្រព្រឹត្តទៅតាមការគ្រោងទុកមែននោះ Djamani នឹងក្លាយស្រ្តីដំបូងគេដែលត្រូវបានប្រហារជីវិត នៅប្រទេសអាស៊ានមួយនេះ គិតតាំងឆ្នាំ២០០៤មក នៅពេលស្រ្តីជាងធ្វើសក់អាយុ៣៦ឆ្នាំម្នាក់ ឈ្មោះ យ៉ិន មេវ៉ុន (Yen May Woen) ត្រូវបានព្យួរកសម្រាប់ការរត់ពន្ធគ្រឿងញៀន។
គួរបញ្ជាក់ថា សិង្ហបុរីមានការផ្តន្ទាទោសប្រហារជីវិត សម្រាប់បទឧក្រិដ្ឋមួយចំនួន រួមមានទាំងឃាតកម្ម ហើយក៏ជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀន ដ៏តឹងរ៉ឹងបំផុតមួយលើពិភពលោកផងដែរ។ នៅប្រទេសសិង្ហបុរី ការរត់ពន្ធកញ្ឆាលើសពី៥០០ក្រាម និងហេរ៉ូអ៉ីនលើសពី ១៥ក្រាម អាចត្រូវប្រឈមទោសប្រហារជីវិតបាន៕