(បាងកក)៖ អ្នកនាង ផែថោងថាន ស៉ីនណាវ៉ាត់ (Paetongtarn Shinawatra) បានអះអាងនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលត្រូវជាឪពុករបស់អ្នកនាង មានគម្រោងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាង ផែថោងថាន បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំហាក់សឹងតែមិនជឿនូវអ្វីដែលខ្ញុំកំពុងសរសេរឡើយ គឺលោកប៉ាគ្រោងត្រឡប់មកដល់ ព្រលានយន្តហោះដូនមឿង (Don Muang) នៅថ្ងៃទី១០ ខែសីហា» ដោយអ្នកនាងចង់សំដៅទៅលើ អាកាសយានដ្ឋាននៅរាជធានីបាងកក។
លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ រហូតដល់ពេលលោកត្រូវបានគេទម្លាក់ពីអំណាច ក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។ សព្វថ្ងៃ លោក ថាក់ស៉ីន កំពុងរស់នៅដោយនិរទេស ក្រោយភៀសខ្លួនចេញពីចេញពីប្រទេសថៃ ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងពុករលួយ កាលពីឆ្នាំ២០០៨។
គួរបញ្ជាក់ថា ផែនការវិលត្រឡប់ចូលស្រុកវិញខាងលើ គឺចំពេលដែលគណបក្សភឿថៃ (Pheu Thai) កំពុងព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ក្រោយឈ្នះបានអាសនៈច្រើនជាងគេលំដាប់ទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា។ ភឿថៃ គឺជារូបរាងទី៣ នៃគណបក្សនយោបាយថៃមួយ ដែលត្រូវបានបង្កើតឡើងដំបូងលោក ថាក់ស៉ីន ផ្ទាល់។ ចំណែក អ្នកនាង ផែថោងថាន ក៏ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីសរុប៣នាក់ របស់គណបក្ស Pheu Thai ផងដែរ៕