(មូស្គូ)៖ ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yury Ushakov) បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មានបំណងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងខែតុលា ដើម្បីឱ្យគាប់ជួនពេលគ្នាជាមួយ វេទិកាខ្សែក្រវាត់និងផ្លូវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ចិនបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រុស្ស៉ី ចាប់តាំងតែពីដើមឆ្នាំ២០២២មក នៅពេលទំនាក់ទំនង ដែលមានភាពរកាំរកូសរួចស្រាប់ទៅហើយជាមួយទីក្រុងមូស្គូ បានធ្លាក់ចុះដល់កម្រិតកាន់តែដុនដាបខ្លាំងក្លាថែមទៀត ដោយសារពេលនោះលោក ពូទីន ត្រៀមលក្ខណៈដើម្បីបញ្ជូនកងទ័ពរបស់លោក ឱ្យវាយប្រហារលើអ៊ុយក្រែន។
លើកចុងក្រោយដែលលោកប្រធានាធិបតីរុស្ស៉ី បានបំពេញទស្សនកិច្ចទៅចិន គឺកាលពីដើមខែកុម្ភៈ ឆ្នាំមុន ដើម្បីចូលពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ហើយមេដឹកនាំទាំងពីរបានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» ដែលបានពង្រីកបន្ថែមនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងនយោធា រវាងចិននិងរុស្ស៉ី។
គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីក៏បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន លើប្រទេសអ៊ុយក្រែន។ ទីក្រុងប៉េកាំង បានបដិសេធចូលរួមថ្កោលទោស និងដាក់ទណ្ឌកម្មលើទីក្រុងមូស្គ សម្រាប់ការបង្កសង្រ្គាមនោះ។ ចំណែកឯ កាលពីខែមីនា ឆ្នាំ២០២៣នេះ លោកប្រធានាធិបតីចិន បានធ្វើដំណើរមកដល់ទីក្រុងមូស្គូ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងផ្សេងៗទៀត ជាមួយលោក ពូទីន ដែលលោក ស៉ី ជិនពីង ហៅថាគឺជា «មិត្តសម្លាញ់»៕