(អាថែន)៖ មនុស្ស ៣នាក់បានស្លាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅលើកោះមួយរបស់ប្រទេសក្រិក អស់រយៈពេល១ សប្តាហ៍ មកហើយ ចំពេលមានការព្រមានពីការបំផ្លិចផ្លាញកាន់តែខ្លាំងលើផ្ទះសម្បែង និងការជម្លៀសអ្នកទេសចរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
កងទ័ពអាកាសក្រិក បានឲ្យដឹងថា ពីឡុត ២នាក់បានស្លាប់នៅពេលដែលយន្តហោះ Canadair CL-215 របស់ពួកគេចេញប្រយុទ្ធនឹងភ្លើងឆេះព្រៃ ហើយបានធ្លាក់នៅលើ កោះអេវីអា (Evia) ស្ថិតនៅភាគខាងទីក្រុងអាថែន។ ទូរទស្សន៍រដ្ឋរបស់ក្រិក ក៏បានរាយការណ៍ផងដែរថា កសិករម្នាក់ដែលបាត់ខ្លួនតាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ត្រូវបានរកឃើញស្លាប់ ក្នុងតំបន់មួយដែលពិបាកចូលទៅដល់នៃកោះអេវីអា នេះ។
នៅថ្ងៃពុធនេះ ក្រុមពន្លត់អគ្គិភ័យរាប់រយនាក់ដែលត្រូវបានបញ្ជូនមកពីតួកគី និងស្លូវ៉ាគី កំពុងជួយប្រយុទ្ធអណ្តាតភ្លើងឆាបឆេះនៅលើកោះរ៉ូដេស (Rhodes) ខូរហ៊្វូ (Corfu) និងអេវីអា ក្នុងពេលដែលអាកាសធាតុចាប់ផ្តើមក្តៅឡើងវិញ ហើយមានខ្យល់បោកបក់។ រីឯ អ្នកទេសចរ ត្រូវបានជម្លៀចេញ។ នាយករដ្ឋមន្រ្តីក្រិក លោក គីរីអាកូស មីតសូតាគីស (Kyriakos Mitsotakis) បានព្រមានថា នៅថ្ងៃបន្ទាប់ស្ថានភាពនឹងកាន់តែលំបាក ប៉ុន្តែអាចប្រសើរឡើងវិញក្រោយថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា សីតុណ្ហភាពក្នុងប្រទេសក្រិក ត្រូវបានព្យាករណ៍ថានឹងកើនឡើងលើសពី ៤៤អង្សាសេចាប់ពីថ្ងៃពុធនេះ នៅក្នុងតំបន់ខ្លះនៃប្រទេស៕