(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អាចនឹងផ្ទេរមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ពីពន្ធនាគារឲ្យ ទៅស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ នៅក្នុងរដ្ឋធានីណៃពិដោ (Naypyitaw)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
សារព័ត៌មាន Associated Press (AP) ដោយផ្អែកលើការដកស្រង់សម្តីពីមន្ត្រីសន្តិសុខមីយ៉ាន់ម៉ាម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នេះគឺជាសកម្មភាព សន្តោសប្រណីដល់អ្នកទោស ដែលជាផ្នែកមួយនៃពិធីសាសនា ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ ដោយឡែក សារព័ត៌ BBC ផ្សាយជាភាសាភូមា បានដកស្រង់ប្រភព ជិតស្និទ្ធនឹងពន្ធនាគារឲ្យដឹងដែរថា លោកស្រី ស៊ូជី ប្រហែលជាត្រូវបានផ្ទេរទៅរួចហើយ ទៅកាន់ផ្ទះមួយ ដែលជាធម្មតាប្រើដោយមន្ត្រីរដ្ឋាភិបាល។ យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលយោធា នៅមិនទាន់ធ្វើអត្ថាធិប្បាយ ជុំវិញព័ត៌មាននេះទេ។ រីឯមេធាវីរបស់ លោកស្រី ស៊ូជី ក៏មិនអាចបញ្ជាក់ពីរបាយការណ៍នេះបានដែរ។
គួរបញ្ជាក់ថា ជ័យលាភីណូបែល អាយុ ៧៨ឆ្នាំ លោកស្រី ស៊ូជី ត្រូវបានឃុំខ្លួននៅដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី នៅក្នុងរដ្ឋប្រហារមួយ។ លោកស្រី ស៊ូជី កំពុងប្តឹងឧទ្ធរណ៍លើការកាត់ទោសបន្ថែម ដែលមានរយៈពេល ៣៣ឆ្នាំក្រោមការចោទប្រកាន់រាប់ ចាប់តាំងពីបទញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ដែលលោកស្រីបានបដិសេធចោលទាំងអស់។ រដ្ឋាភិបាលលោកខាងលិចជាច្រើន បានប្រកាសថ្កោលទោសចំពោះ ទង្វើរបស់របបយោធាទៅលើលោកស្រី ស៊ូជី និងអ្នកដទៃទៀត ដោយអំពាវនាវឲ្យមានការដោះលែងពួកគេ៕