(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានថាខ្លួនទទួលបានព័ត៌មានដែលអាចបញ្ជាក់បានថាយោធារុស្ស៉ី ប្រហែលជាអាចចាប់ផ្ដើមកំណត់គោលដៅ លើកប៉ាល់ស៊ីវិល នៅក្នុងតំបន់សមុទ្រខ្មៅ ខណៈសហភាពអឺរ៉ុបបានសន្យាជួយដល់អ៊ុយក្រែន ក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្លួនតាមផ្លូវដែក និងផ្លូវគោក។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
តម្លៃស្រូវសាលីនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃ ១៥ភាគរយ នាប៉ុន្មានសប្ដាហ៍មកនេះ ចាប់តាំងពីរុស្ស៉ីដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ និងចាប់ផ្ដើមវាយប្រហារលើកំពង់ផែអ៊ុយក្រែន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនាំចេញធញ្ញជាតិនៅសមុទ្រខ្មៅ និងទន្លេ Danube។
ការព្រមានខាងលើរបស់ទីក្រុងឡុងដ៍ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward។ លោកស្រី Woodward បានគូសបញ្ជាក់ដូច្នេះថា «ព័ត៌មានរបស់យើងបានបញ្ជាក់ថាយោធារុស្ស៉ីអាចនឹងកំណត់គោលដៅរបស់ពួកគេលើសពីកប៉ាល់ដឹកជញ្ជូនធញ្ញជាតិរបស់ អ៊ុយក្រែន ឬអាចជាការវាយប្រហារលើកប៉ាលស៊ីវិលតែម្ដងនៅក្នុងតំបន់សមុទ្រខ្មៅ»។
គួរបញ្ជាក់ថា បើតាមលោកស្រី Woodward នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានចែករំលែកព័ត៌មានខាងលើជាមួយលោក ហ្សេលេនស្គី ហើយ នៅក្នុង កិច្ចសន្ទនាមួយតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ហើយមិនតែប៉ុណ្ណោះ ទីក្រុងឡុងដ៍ក៏មានផងដែរនូវព័ត៌មានថារុស្ស៉ីបានដាក់ពង្រាយគ្រាប់មីនសមុទ្រ នៅក្បែរកំពង់ផែនានា របស់អ៊ុយក្រែន៕