(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំរបស់ខ្លួនគឺ លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅដាក់កម្រងផ្កា នៅទីបញ្ចុះសពមួយកន្លែង សម្រាប់ទាហានចិន ដែលបានចូលរួមប្រយុទ្ធក្នុងសង្គ្រាមកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ដំណេរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន អមដំណើរដោយប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គឺអ្នកនាង គីម យូជុង (Kim Yo Jong) ធ្វើឡើងនៅមុនការប្រារព្ធខួប លើកទី៧០ នៃការបិទបញ្ចប់សង្គ្រាមកូរ៉េ ដែលត្រូវបានប្រារព្ធឡើងជា «ទិវាជ័យជម្នះ» នៅកូរ៉េខាងជើង ជាមួយនឹងក្បួនដង្ហែរយោធាដ៏អស្ចារ្យក្នុងទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍ លោក គីម ក៏បានទៅទស្សនាទីបញ្ចុះសពវីរយុទ្ធជនក្នុងសង្រ្គាមរំដោះមាតុភូមិផងដែរ ដោយលោកបានផ្ដល់កិត្តិយសដល់ទាហានទាំងអស់ថាជាអ្នកវាយបំបាក់ ចក្រពត្តិនិយមអាមេរិក។
គួរបញ្ជាក់ថា សកម្មភាពនៃការរំលឹកដល់ទាហានចិន បានធ្វើឡើងក្នុងពេលដែលកូរ៉េខាងជើង កំពុងត្រៀមរៀបចំប្រារព្ធទិវាជ័យជម្នះនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដោយ មានការអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ចិន និងរុស្ស៉ីឲ្យចូលរួមជាភ្ញៀវកិត្តិយសជាលើកដំបូង គិតចាប់តាំងពីមានការឆ្លងរាតត្បាតជំងឺកូវីដ ១៩ មក៕