(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកនឹងមិនអត់ឱនឱ្យជាដាច់ខាត ចំពោះអំពើពុករលួយ ឬអំពើក្បត់នៅក្នុង កិច្ចការរបស់ជាតិ ខណៈប្រទេសរបស់លោកកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី ធ្វើការអំពាវនាវប្រឆាំងនឹងអំពើពុករលួយ នៅក្នុងសុន្ទរកថាតាមវីដេអូមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈមន្ត្រីយោធាអ៊ុយក្រែនម្នាក់ រងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ រីឯសមាជិកសភាម្នាក់ត្រូវបានចោទថាគប់គិតសហការជាមួយរុស្ស៉ី។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ ដូច្នេះថា «ខ្ញុំសូមព្រមានដល់សមាជិកសភាទាំងអស់ រួមទាំងក្រុមមន្ត្រី និងអ្នកគ្រប់គ្នាដែលកំពុងបម្រើការជាមន្ត្រីសាធារណៈ...ថាគ្មាននរណាម្នាក់នឹងត្រូវបាន អត់ឱនឱ្យជាដាច់ខាត ចំពោះអំពើក្បត់ មិនថាពួកគេជាសមាជិកសភា ចៅក្រម មន្ត្រីយោធា ឬក៏មន្ត្រីរាជការនោះទេ»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីខែមិថុនាកន្លងទៅ បានប្រកាសពីផែនការធ្វើសវនកម្មមួយ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ ក្នុងពេលដែល អ៊ុយក្រែនកំពុងទទួលបានជំនួយយោធារាប់ពាន់លានដុល្លារពីសម្ព័ន្ធមិត្តលោកខាងលិច៕