(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីផ្ដលជំនួយយោធាបន្ថែមទំហំ ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមមានមីស៊ីលការពារដែនអាកាស រថពាសដែក និងយន្ដហោះដ្រូនខ្នាតតូច ខណៈកងកម្លាំងអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយបក ដើម្បី បណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
កញ្ចប់ជំនួយយោធាថ្មីខាងលើដែលត្រូវបានរាយការណ៍មុនគេដោយទីភ្នាក់ងារសារព័ត៌មាន Reuters នឹងមានរួមបញ្ចូលជាលើកដំបូងនូវយន្ដហោះដ្រូន ស៊ើបការណ៍ Black Hornet ផលិតដោយក្រុមហ៊ុន Teledyne FLIR Defense ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Teledyne Technologies។ យន្ដហោះដ្រូន Hornet បាន និងកំពុងត្រូវបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្ដល់អំណោយពីចក្រភពអង់គ្លេស និងន័រវែស។
ក្រុមហ៊ុន Teledyne FLIR Defense ទទួលបានកិច្ចសន្យាមានទំហំទឹកប្រាក់ ៩៣លានដុល្លារកាលពីខែមេសាកន្លងទៅ ដើម្បីផ្គត់ផ្គង់យន្ដហោះដ្រូនស៊ើប ការណ៍ខ្នាតតូចឱ្យកងទ័ពអាមេរិក។
គួរបញ្ជាក់ថា ក្រៅពីយន្ដហោះដ្រូនខ្នាតតូច ជំនួយយោធាបន្ថែមទំហំ ៤០០លានដុល្លារ ក៏រួមបញ្ចូលផងដែរ គ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល Patriot ប្រព័ន្ធមីស៊ីល NASAMS និងប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger ព្រមទាំងគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ក៏ដូចជារថពាសដែក Stryker។ នេះគឺជាកញ្ចប់ជំនួយយោធាទី៤៣ ដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន ហើយគិតជាសរុប ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាជាង ៤៣ពាន់លានដុល្លារ ដល់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានកាលពីឆ្នាំ២០២២មក៕