(វ៉ាស៊ីនតោន)៖ មេបញ្ជាការកងទ័ពអាមេរិកម្នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាយន្ដហោះចម្បាំងរុស្ស៉ីមួយគ្រឿងបានបាញ់ផ្កាភ្លើងដាក់លើ យន្ដហោះដ្រូនអាមេរិកមួយគ្រឿង ដែលកំពុងធ្វើបេសកកម្មប្រឆាំងក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងប្រទេសស៊ីរី ដោយបណ្ដាលឱ្យខូចខាតស្លាបចក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។
បើតាមឧត្តមសេនីយ៍ឯកកងទ័ពអាកាសអាមេរិក លោក Alexus Grynkewich កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ យន្ដហោះចម្បាំងរុស្ស៉ី បានហោះហើរប្រកបដោយគ្រោះថ្នាក់ មកក្បែរយន្ដហោះដ្រូនអាមេរិក MQ-9 ដែលកំពុងធ្វើបេសកកម្មប្រឆាំងក្រុមសកម្មប្រយុទ្ធ ISIS និងបានបាញ់ ផ្កាភ្លើងលើ MQ-9 ដោយបណ្ដាលឱ្យខូចខាតផ្នែកស្លាបចក្រ។ លោក Grynkewich បានបន្ថែមថាយន្ដហោះដ្រូន MQ-9 មិនបានធ្លាក់នោះទេ ហើយអាច ហោះត្រឡប់ទៅមូលដ្ឋានទ័ពរបស់ខ្លួនវិញ ជាមួយការអំពាវនាវផងដែរឱ្យកងកម្លាំងរុស្ស៉ីក្នុងប្រទេសស៊ីរី បញ្ឈប់ជាបន្ទាន់នូវសកម្មភាពគ្មានវិជ្ជាជីវៈ បែបនេះ។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិក ក៏ធ្លាប់បានចោទប្រកាន់ផងដែរថាយន្ដហោះចម្បាំងរុស្ស៉ីបានបំពានលើយន្ដហោះដ្រូន MQ-9 នៅប្រទេសស៊ីរី ដល់ទៅ២ដង ក្នុងរយៈពេល២៤ម៉ោង ក្នុងនោះរួមមានទាំងបាញ់ផ្កាភ្លើងជាដើម។ កាលពីខែមីនាកន្លងទៅវិញ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថាយន្ដហោះចម្បាំងរុស្ស៉ីមួយគ្រឿង បានបុកទង្គិចនឹងស្លាបចក្រយន្ដហោះដ្រូនអាមេរិក MQ-9 នៅលើដែនអាកាសនៃតំបន់សមុទ្រខ្មៅ ដោយធ្វើឱ្យយន្ដហោះដ្រូននេះធ្លាក់៕