(គែរ)៖ ក្រុមសកម្មជនប្រឆាំងអ៊ីស្លាមមួយក្រុមតូច បានដុតច្បាប់ចម្លងគម្ពី Qur'an នៅមុខស្ថានទូតអេហ្ស៊ីប និងតួកគីនៅទីក្រុង Copenhagen នៅថ្ងៃអង្គារនេះ បន្ទាប់ពីការតវ៉ាស្រដៀងគ្នានៅក្នុងប្រទេសដាណឺម៉ាក និងស៊ុយអែតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឱ្យប្រជាជនម៉ូស្លីមខឹងសម្បារយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
ប្រទេសដាណឺម៉ាក និងស៊ុយអែតបាននិយាយថា ពួកគេបានបដិសេធចំពោះការដុតគម្ពីដ៏បរិសុទ្ធរបស់សាសនាឥស្លាម ប៉ុន្តែមិនអាចរារាំងវានៅក្រោមច្បាប់ការពារសេរីភាព នៃការបញ្ចេញមតិនោះទេ។ កាលពីសប្តាហ៍មុន ក្រុមបាតុករនៅអ៊ីរ៉ាក់បានដុតស្ថានទូតស៊ុយអែតនៅក្រុងបាកដាដ។
បាតុកម្មនៅថ្ងៃអង្គារនេះនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក បានរៀបចំឡើងដោយក្រុមមួយហៅថា Danish Patriots ឬអ្នកស្នេហារដាណឺម៉ាក បន្ទាប់ពីការដុតគម្ពីរ Qur'an ដែលក្រុមនេះបានធ្វើកាលពីថ្ងៃចន្ទ និងសប្តាហ៍មុននៅមុខស្ថានទូតអ៊ីរ៉ាក់។ គួររំលឹកថា មានឧប្បត្តិហេតុបែបនេះចំនួនពីរបានកើតឡើងនៅក្នុងប្រទេសស៊ុយអែតរួចមកហើយកាលពីខែមុន។
នៅរសៀលថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីបបាននិយាយថា អេហ្ស៊ីបបានកោះហៅភារធារីស៊ុយអែត ដើម្បីថ្កោលទោសចំពោះទង្វើញុះញុងនៃការដុតគម្ពីរ Qur'an ម្តងហើយម្តងទៀត។
កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអ៊ីរ៉ាក់បានអំពាវនាវឱ្យ អាជ្ញាធរនៃប្រទេសសហភាពអឺរ៉ុប «ពិចារណាឡើងវិញយ៉ាងឆាប់រហ័សនូវអ្វីដែលគេហៅថា សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិក្នុងការធ្វើបាតុកម្ម» នៅក្នុងការប្រព្រឹត្តទង្វើដុតគម្ពីរ Qur'an ។
ប្រទេសតួកគីក៏បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលខ្លួនហៅថាជា «ការវាយប្រហារគួរឱ្យស្អប់ខ្ពើម» លើគម្ពីរ Qur'an ហើយបានអំពាវនាវឱ្យប្រទេសដាណឺម៉ាកចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់ «ឧក្រិដ្ឋកម្មគួរឱ្យស្អប់ខ្ពើមនេះ» ដែលប្រឆាំងនឹងសាសនាអ៊ីស្លាម៕