(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បានចោទប្រកាន់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ពីការព្យាយាមបំផ្លិចបំផ្លាញកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកនាចុងសប្តាហ៍នេះ ដោយដាក់សម្ពាធប្រទេសអាហ្វ្រិកទាំងនោះមិនឱ្យចូលរួម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅទីក្រុង St. Petersburg នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ នឹងមានការចូលរួមដោយប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងមានការរៀបចំកិច្ចប្រជុំមួយទល់នឹងមួយ ជាមួយមេដឹកនាំអាហ្វ្រិកដែលផ្តោតលើអ្វីគ្រប់យ៉ាង រាប់ចាប់ពីវិស័យពាណិជ្ជកម្មរហូតដល់សន្តិសុខ កិច្ចព្រមព្រៀងអាវុធ និងការផ្គត់ផ្គង់ស្បៀងអាហារជាដើម។
ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងឃើញមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ហើយវាក៏ជាផ្នែកមួយ នៃការជំរុញរួមគ្នាសម្រាប់ឥទ្ធិពល និងអាជីវកម្មរបស់ទ្វីប ខណៈដែលទាហានស៊ីឈ្នួលមកពីក្រុម Wagner របស់រុស្ស៊ីនៅតែសកម្ម ទោះបីជាមានការបះបោរបរាជ័យកាលពីខែមុនក៏ដោយ។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass បានដកស្រង់សម្តីអ្នកការទូតរុស្ស៊ី លោក Alexander Polyakov ដែលបាននិយាយនៅដើមខែនេះថា គណៈប្រតិភូអាហ្វ្រិកចំនួន ៤៩រូប បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ ដែលស្ទើរតែពាក់កណ្តាលនឹងតំណាងឱ្យប្រមុខរដ្ឋ ឬរដ្ឋាភិបាលរបស់ពួកគេ។ ប៉ុន្តែនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកខាងលិចកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបា ន ដើម្បីបំផ្លាញព្រឹត្តិការណ៍ដ៏សំខាន់របស់រុស្ស៊ី-អាហ្វ្រិកមួយនេះ៕