(ឌីលី)៖ សិង្ហបុរី គ្រោងនឹងបើកស្ថានទូតនៅក្នុងទីក្រុង Dili រដ្ឋធានី នៃប្រទេសទីម័រខាងកើត នៅក្នុងអ្វីដែលរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានហៅថាជា «ព្រឹត្តិការណ៍សំខាន់» ក្នុងទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
លោក Balakrishnan បានប្រកាសគម្រោងនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីទីម័រ Benedetto dos Santos Freitas ដែលធ្វើឡើងនៅទីក្រុង Dili នៅថ្ងៃចន្ទសប្តាហ៍នេះ។
នាឱកាសនោះ លោកបាននិយាយដូច្នេះថា «នៅពេលដែលពួកគេបន្តវិវឌ្ឍជាប្រទេសមួយ និងជាប្រជាជាតិមួយ ជាពិសេសនៅពេលពួកគេចូលជាសមាជិកអាស៊ាន យើងជឿថាវាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការបង្កើតស្ថានទូត ដែលជាចំណុចស្នូលសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើង សម្រាប់ការគាំទ្ររបស់យើង និងសម្រាប់ឱកាសរួមគ្នានាពេលអនាគត»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរីបានបញ្ជាក់ថា វិស័យនៃកិច្ចសហប្រតិបត្តិការ រួមមានដូចជាការវិនិយោគ ទេសចរណ៍ ការពារជាតិ និងថាមពលជាដើម។ មេដឹកនាំទីម័រខាងកើត បានស្វាគមន៍ចំពោះការគ្រោងបើកស្ថាន។
គួរបញ្ជាក់ថា សិង្ហបុរីនឹងក្លាយជាប្រទេសអាស៊ានទី៦ ដែលបើកស្ថានទូតនៅទីម័រខាងកើតដែលមានប្រជាជនប្រមាណជាង ១.៣លាននាក់មួយ។ ប្រទេសអាស៊ានផ្សេងទៀតដែលមានបេសកកម្មនៅក្រុងឌីលី មានប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ៕