(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ត្រូវបានដកចេញពីតំណែងនៅថ្ងៃអង្គារនេះ បន្ទាប់ពីមិនបានបង្ហាញមុខជាសាធារណៈអស់រយៈពេលមួយខែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ដូច្នេះថា «ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន បានបោះឆ្នោតជ្រើសរើស លោក Wang Yi ជារដ្ឋមន្ត្រីការបរទេសថ្មី... នៅសម័យប្រជុំមួយត្រូវបានធ្វើឡើងនៅថ្ងៃអង្គារនេះ»។ របាយការណ៍ដដែលនេះបានបន្ថែមថា «លោក Qin Gang ដែលជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន ត្រូវបានដកចេញពីមុខតំណែង»។
ទោះជាយ៉ាងណា ប្រភពព័ត៌មានមិនបានផ្តល់ការលម្អិតបន្ថែមជុំវិញរឿងនេះនៅឡើយទេ។
គួរបញ្ជាក់ថា លោក Qin Gang ទើបតែត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសរបស់ចិន នាប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពី លោក Wang Yi ត្រូវបានផ្លាស់ប្តូរតួរនាទី៕