(តូក្យូ)៖ កងកម្លាំងស្វ័យការពារអាកាសជប៉ុន (ASDF) នៅថ្ងៃអង្គារនេះ បានប្រកាសថា ជប៉ុននិងអ៉ីតាលីនឹងធ្វើសមយុទ្ធយន្តហោះចម្បាំង រួមគ្នានៅចន្លោះថ្ងៃទី២-១០ ខែសីហា ពោលគឺមួយសប្តាហ៍បន្ទាប់ពីទីក្រុងតូក្យូ បានប្រកាសពីគម្រោងធ្វើសមយុទ្ធយោធាស្រដៀងគ្នា ជាមួយកងទ័ពអាកាសបារាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៩ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
វានឹងជាសមយុទ្ធផ្លូវអាកាសរួមគ្នាលើកដំបូងបង្អស់រវាងជប៉ុននិងអ៉ីតាលី។ យោងតាមកងកម្លាំង ASDF យន្តហោះចម្បាំងជប៉ុន F-15 ចំនួន៤គ្រឿង និងយន្តហោះចម្បាំងអ៉ីតាលី F-35A ចំនួន៤គ្រឿង នឹងចូលរួមក្នុងសមយុទ្ធខាងលើ ដែលគ្រោងរៀបចំឡើងក្បែរមូលដ្ឋានទ័ពអាកាស កូម៉ាត់ស៊ុ (Komatsu) ដែលស្ថិតនៅភាគខាងជើងប្រទេសជប៉ុន លើឆ្នេរជាប់ខាងសមុទ្រជប៉ុន។
គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត របស់កងកម្លាំងស្វ័យការពារអាកាសជប៉ុន ទីក្រុងតូក្យូក៏នឹងរៀបចំការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ជាមួយកងទ័ពអាកាសអូស្រ្តាលី នៅមូលដ្ឋាន Komatsu ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ផងដែរ៕