(រ៉ូម)៖ ភ្លើងឆេះព្រៃបានបង្ខំឲ្យបិទអាកាសយានដ្ឋានប៉ាឡឺម៉ូ (Palermo) នៅលើកោះស៉ីស៉ីលី (Sicily) នៅថ្ងៃអង្គារនេះ ខណៈដែលរលកកំដៅ និងព្យុះភ្លៀងបន្តវាយលុកប្រទេសអ៉ីតាលី ដោយបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់នៅឯភាគខាងជើងនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
អាកាសយានដ្ឋាននៅទីក្រុង Palermo ដែលជារដ្ឋធានីនៃតំបន់ដែនកោះស៉ីស៉ីលី នឹងបន្តបិទរហូតដល់ល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការ ដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏ធំមួយនៅតំបន់ក្បែរនោះ ដែលរំខានដល់ចរាចរណ៍ផ្លូវគោក និងផ្លូវដែក។ ផ្នែកខ្លះនៃភាគខាងកើតកោះស៉ីស៉ីលី សីតុណ្ហភាពកើនឡើងដល់ជាង ៤៧អង្សាសេ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ដោយសារតែ សីតុណ្ហភាពឡើងខ្ពស់ នៅថ្ងៃអង្គារនេះ អ៉ីតាលី បានប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់ទីក្រុងចំនួន ១៦។
ទន្ទឹមនឹងនេះ ខ្យល់ព្យុះពេញមួយយប់ក្នុងទីក្រុងមីឡាន (Milan) បណ្តាលឲ្យរប៉ើកដំបូល បាក់រលំដើមឈើ និងរំខានដល់ការដឹកជញ្ជូនតាមផ្លូវគោក ក្នុងទីក្រុងហិរញ្ញវត្ថុរបស់អ៉ីតាលីមួយនេះ។ នៅឯខេត្តភាគខាងជើងគឺម៉ុនហ្សា (Monza) និងប្រេសស៉ីយ៉ា (Brescia) ស្រ្តី ២នាក់បានស្លាប់បន្ទាប់ត្រូវកំទេចកំទីដើមឈើធ្លាក់ចំ។
គួរបញ្ជាក់ថា រលកកំដៅបាននឹងកំពុងវាយលុកអឺរ៉ុបភាគខាងត្បូងជាមួយសីតុណ្ហភាពខ្ពស់ ដែលនាំមកនូវហានិភ័យនៃអគ្គីភ័យឆាបឆេះ និងការស្លាប់។ អ៉ីតាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់អឺរ៉ុប ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែ ការប្រែប្រួលអាកាសធាតុ ហើយទទួលរងនូវទឹកជំនន់យ៉ាងធ្ងន់ធ្ងរ កាលពីខែឧសភា៕