(ព្យុងយ៉ាង)៖ កូរ៉េខាងជើងក្នុងសប្តាហ៍នេះ នឹងទទួលស្វាគមន៍រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី និងគណៈប្រតិភូជាន់ខ្ពស់ចិន នៅឯទីក្រុងព្យុងយ៉ាង សម្រាប់ឱកាសអបអរខួប នៃការចុះបទឈប់បាញ់សង្រ្គាមកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា «គណៈប្រតិភូយោធានៃសហព័ន្ធរុស្ស៉ី ដែលដឹកនាំដោយរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នឹងបំពេញទស្សនកិច្ចអបអរសាទរ មកកាន់ប្រទេសកូរ៉េខាងជើង»។ រីឯក្រសួងការពារជាតិរុស្ស៉ីវិញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ទស្សនកិច្ចនេះនឹងចូលរួមពង្រឹង ទំនាក់ទំនងយោធាថែមទៀតរវាងរុស្ស៉ីនិងកូរ៉េខាងជើង ហើយវានឹងជាការបោះជំហានសំខាន់មួយ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ»។ ចំណែក កាលពីថ្ងៃចន្ទ KCNA បានរាយការណ៍ថា សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក លី ហុងចុង (Li Hongzhong) ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន ធ្វើដំណើរទស្សនកិច្ចមកកាន់កូរ៉េខាងជើង ក្នុងសប្តាហ៍នេះផងដែរ។
គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់ក្រុមមន្រ្តីជាន់ខ្ពស់ចិននិងរុស្ស៉ីខាងលើ គឺដើម្បីមកចូលរួមព្រឹត្តិការណ៍នៅទីក្រុងព្យុងយ៉ាង នាឱកាសខួបទី៧០ គិតចាប់តាំងពីការចុះហត្ថលេខាលើបទឈប់បាញ់សង្រ្គាមកូរ៉េ ដែលនៅកូរ៉េខាងជើង ត្រូវចាត់ទុកជាទិវាជ័យជម្នះ។ ក្នុងចំណោមព្រឹត្តិការណ៍ចម្រុះជាច្រើន ការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ក៏ត្រូវគេរំពឹងថា នឹងប្រារព្ធឡើងផងដែរ ក្នុងសប្តាហ៍នេះ។ សង្រ្គាមនៅឧបទ្វីបកូរ៉េ បានផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ តាមរយៈបទឈប់បាញ់ គឺមិនមែនសន្ធិសញ្ញាសន្តិភាពទេ។ វាមានន័យថា បើតាមបច្ចេកទេស ប្រទេសកូរ៉េទាំងពីរ គឺបន្តស្ថិតក្នុងស្ថានភាពមានសង្រ្គាមជាមួយគ្នានៅឡើយ មកទល់សព្វថ្ងៃ៕