(សិង្ហបុរី)៖ ក្រុមសិទ្ធិមនុស្សបានអះអាងនៅថ្ងៃអង្គារនេះថា ប្រទេសសិង្ហបុរីគ្រោងរៀបចំការប្រហារជីវិត អ្នកទោសបទល្មើសគ្រឿងញៀនចំនួន២នាក់ នៅក្នុងសប្តាហ៍នេះ ដោយរួមមានទាំងស្រ្តីម្នាក់ផងដែរ ហើយបានទទូចឱ្យបញ្ឈប់គម្រោងប្រហារជីវិតនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
អង្គការសិទ្ធិមនុស្ស TJC ប្រចាំនៅសិង្ហបុរី បានប្រាប់ថា បុរសអាយុ៥៦ឆ្នាំម្នាក់ ដែលមានទោសពីបទលួចរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៉ីនទម្ងន់៥០ក្រាម ត្រូវបានកំណត់ថា នឹងត្រូវប្រហារជីវិតដោយព្យួរកនាថ្ងៃពុធសប្តាហ៍នេះ នៅក្នុងពន្ធនាគារ ឆាងហ្គី (Changi) របស់សិង្ហបុរី។ រីឯស្រ្តីម្នាក់អាយុ៤៥ឆ្នាំ ក៏នឹងត្រូវប្រហារជីវិតនៅថ្ងៃសុក្រសប្តាហ៍នេះ ផងដែរ។ ស្រ្តីម្នាក់នោះ ត្រូវបានផ្តន្ទាទោសកាលពីឆ្នាំ២០១៨ សម្រាប់ការរត់ពន្ធហេរ៉ូអ៉ីនទម្ងន់៤០ក្រាម។ វានឹងជាលើកដំបូងបំផុត ដែលស្រ្តីអ្នកទោសត្រូវប្រហារជីវិត នៅប្រទេសអាស៊ានមួយនេះ គិតតាំងឆ្នាំ២០០៤មក នៅពេលស្រ្តីអាយុ៣៦ឆ្នាំម្នាក់ ត្រូវបានព្យួរកសម្រាប់ការរត់ពន្ធគ្រឿងញៀន។
គួរបញ្ជាក់ថា សិង្ហបុរីមានការផ្តន្ទាទោសប្រហារជីវិត សម្រាប់បទឧក្រិដ្ឋមួយចំនួន រួមមានទាំងឃាតកម្ម ហើយក៏ជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀន ដ៏តឹងរ៉ឹងបំផុតមួយលើពិភពលោកផងដែរ។ នៅប្រទេសសិង្ហបុរី ការរត់ពន្ធកញ្ឆាលើសពី៥០០ក្រាម និងហេរ៉ូអ៉ីនលើសពី ១៥ក្រាម អាចត្រូវប្រឈមទោសប្រហារជីវិតបាន។ មនុស្សយ៉ាងហោច១៣នាក់ហើយ ត្រូវបានព្យួរក គិតមកទល់ពេលនេះ ចាប់តាំងតែពីរដ្ឋាភិបាលសិង្ហបុរី បានបន្តការប្រហារជីវិតឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំ អំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩។
នៅថ្ងៃអង្គារនេះ អង្គការលើកលែងទោសអន្តរជាតិ ក៏បានចេញមុខអំពាវនាវឱ្យសិង្ហបុរី បញ្ឈប់ការប្រហារជីវិតដែលនឹងត្រូវកើតឡើងផងដែរ ខណៈរដ្ឋាភិបាលសិង្ហបុរី ធ្លាប់បានទទូចថា ទោសប្រហារជីវិត គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទឧក្រិដ្ឋធ្ងន់ៗ៕