(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានចេញសាលក្រមប្រឆាំងនឹងការបោះឆ្នោតមួយនៅក្នុងសភា ដែលមានគោលដៅបញ្ឈប់តំណែងរដ្ឋមន្រ្តីមហាផ្ទៃ ជុំវិញចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះករណីសោកនាដកម្មមនុស្សជាន់គ្នាស្លាប់ជាង ១៥០នាក់ នៅឯរដ្ឋធានីសេអ៊ូល កាលពីថ្ងៃបុណ្យ Halloween ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បាននិយាយថា ការសម្រេចចិត្តខាងលើ គឺធ្វើឡើងក្នុងសំឡេងជាឯកច្ឆន្ទ។ លោក លី ចុងស៊ុក (Lee Jong-seok) ដែលជាចៅក្រមមួយរូប នៃតុលាការធម្មនុញ្ញកូរ៉េ បានលើកឡើងយ៉ាងដូច្នេះថា «ឧប្បត្តិហេតុដ៏អន្តរាយនាពេលនោះ មិនមែនត្រូវបានបង្កឡើងដោយដើមហេតុតែមួយគត់ ឬបុគ្គលតែម្នាក់ឡើយ» ហើយលោកបានបន្ថែមថា ទីភ្នាក់ងារនីមួយៗរបស់រដ្ឋាភិបាល គឺមិនមានសមត្ថភាពឆ្លើយតបក្នុងទម្រង់រួបរួមគ្នានោះឡើយ ចំពោះគ្រោះមហន្តរាយទ្រង់ទ្រាយធំ។
រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង លោក លី សាងមីន (Lee Sang-min) ត្រូវបានព្យួរតំណែងតាំងពីខែកុម្ភៈមក នៅពេលក្រុមសមាជិកសភា បានបោះឆ្នោតក្នុងគោលដៅ ព្យាយាមដកហូតតំណែងរបស់លោក ដើម្បីឱ្យរូបលោកទទួលខុសត្រូវ ចំពោះការអនុវត្តចំណាត់ការឆ្លើយតបមិនបានល្អ ចំពោះឧប្បត្តិហេតុថ្ងៃបុណ្យ Halloween។ ក្រុមគណបក្សប្រឆាំង ក៏ធ្លាប់បានអំពាវនាវឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ដកតំណែងលោក លី ផងដែរ ប៉ុន្តែលោក យូន បានបដិសេធ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានសម្លាប់មនុស្សចំនួន១៥៩នាក់ និងបង្ករបួសចំនួន១៩៦នាក់ ដោយសារតែការថប់ដង្ហើម អំលុងពេលប្រជ្រៀតគ្នានៅក្នុងផ្លូវដ៏តូចចង្អៀតមួយ ក្នុងសង្កាត់អ៉ីតេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ក្នុងឱកាសថ្ងៃបុណ្យ Halloween ដែលទើបប្រារព្ធឡើងវិញជាលើកដំបូង ក្រោយខកខានអស់ប៉ុន្មានឆ្នាំ ដោយសារការរាតត្បាតកូវីដ១៩។