(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងលើរដ្ឋមន្រ្តីការពារជាតិ ក៏ដូចជាមន្រ្តីយោធា២នាក់ផ្សេងទៀតរបស់ប្រទេសម៉ាលី ជាមួយការចោទប្រកាន់ថា បុគ្គលទាំង៣នាក់នោះ បានជួយជ្រោមជ្រែងដល់ការកើនឡើងឥទ្ធិពល របស់ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner នៅក្នុងប្រទេសនៃតំបន់អាហ្រ្វិកខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊ីនខិន បានប្រកាសថា ទណ្ឌកម្មខាងលើបានកំណត់គោលដៅចំពោះ រដ្ឋមន្រ្តីការពារជាតិម៉ាលី លោក សាឌីអូ ខាម៉ារ៉ា (Sadio Camara), នាយសេនាធិការកងទ័ពអាកាសម៉ាលី លោក អាលូ បូយ ឌីយ៉ារ៉ា (Alou Boi Diarra) និងនាយសេនាធិការរងកងទ័ពអាកាសម៉ាលី លោក អាដាម៉ា បាហ្កាយ៉ូកូ (Adama Bagayoko)។
លោក ប៊្លីនខិន បានចោទប្រកាន់អ្នកទាំង៣ ថាបានធ្វើការដើម្បីជួយសម្រួលនិងពង្រីកវត្តមាន របស់ក្រុម Wagner នៅក្នុងប្រទេសម៉ាលី ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០២១មក ខណៈដែលចំនួនអ្នកស្លាប់នៃប្រជាជនស៉ីវិលស្លូតត្រង់ បានកើនឡើងដល់ទៅ២៧៨ភាគរយ ចាប់តាំងពីកងកម្លាំងទាហានស៉ីឈ្នួលរុស្ស៉ី ត្រូវបានដាក់ពង្រាយទៅកាន់ម៉ាលី។
គួរបញ្ជាក់ថា ជាច្រើនឆ្នាំដែរមកហើយ សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន បានរួមគ្នាដាក់ទណ្ឌកម្មទៅលើក្រុម Wagner និងបុគ្គលឬអង្គភាព ដែលគាំទ្រក្រុមទាហានស៉ីឈ្នួលនេះ។ ការដាក់សម្ពាធបានកើនឡើងកាន់តែខ្លាំងជាពិសេស បន្ទាប់ពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលក្រុម Wagner ធ្លាប់បានដើរតួនាទីសំខាន់ នាពេលកន្លងមក។ កាលពីខែមករា ដើមឆ្នាំនេះ ទីក្រុងវ៉ាស៉ីនតោនបានសម្រេចចាត់ថ្នាក់ Wagner ជាអង្គការឧក្រិដ្ឋជនឆ្លងដែន ខណៈកាលពីសប្តាហ៍មុន ចក្រភពអង់គ្លេស ទើបតែបានដាក់ទណ្ឌកម្មលើបុគ្គលសរុបចំនួន១៣នាក់ ដែលមានទំនាក់ទំនងជាមួយក្រុម Wagner នៅឯសាធារណរដ្ឋអាហ្រ្វិកកណ្តាល ម៉ាលី និងស៊ូដង់៕