(មូស្គូ)៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងថា បណ្តាប្រទេសជាដៃគូរបស់ទីក្រុងមូស្គូ ដែលស្ថិតក្នុងក្រុម BRICS គឺប្រេស៉ីល ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង អាចសាងសង់កំណាត់បន្ទប់មួយ សម្រាប់គម្រោងស្ថានីយអវកាសរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី Interfax នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២២។
ដោយរាយការណ៍ចេញពីកិច្ចប្រជុំមួយរបស់ BRICS ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអវកាស ក្នុងទីក្រុងហឺម៉ានូស (Hermanus) របស់ប្រទេសអាហ្រ្វិកខាងត្បូង Interfax បានលើកឡើងថា យោងតាមការសន្និដ្ឋាន គឺកំណាត់បន្ទប់ដំបូងនៃស្ថានីយអវកាសផ្ទាល់ខ្លួនរុស្ស៉ី ហៅកាត់ថា ROS នឹងត្រូវបញ្ជូនចេញពីផ្ទៃផែនដី នៅខ្ទង់ឆ្នាំ២០២៧ ហើយដំណើរការសាងសង់ស្ថានីយ នឹងសម្រេចរួចរាល់ជាស្ថាពរ នៅត្រឹមឆ្នាំ២០៣២។
ប្រមុខទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូកូសម៉ូស (Rocosmos) លោក យូរី បូរីសូវ (Yuri Borisov) បានថ្លែងក្នុងកិច្ចប្រជុំ BRICS ដូច្នេះថា «ខ្ញុំចង់ផ្តល់ការអញ្ជើញឱ្យដៃគូ BIRICS ចូលរួមបង្កើតកំណត់បន្ទប់ពេញលេញមួយ ដើម្បីជាផ្នែកនៃស្ថានីយ ROS ដែលនឹងអនុញ្ញាតឱ្យ ក្រុម BRICS ប្រើប្រាស់ដើម្បីអនុវត្តកម្មវិធីអវកាសរបស់ប្រទេសពួកគេ»។
គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់ទីភ្នាក់ងារអវកាស Rocosmos កាលពីខែសីហា ឆ្នាំមុនស្ថានីយអវកាសដែលត្រូវបានគ្រោងទុករបស់ខ្លួន នឹងមានកំណាត់បន្ទប់សរុបចំនួន៦ និងអាចផ្ទុកអវកាសយានិកបានសរុប៤នាក់ ហើយវានឹងត្រូវសាងសង់ក្នុង២ដំណាក់កាល៕