(ម៉ានីល)៖ ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងសំដៅឆ្ពោះមករកភាគខាងជើងហ្វីលីពីន នាថ្ងៃអង្គារនេះ ជាហេតុជំរុញឱ្យមានការចេញសារបង្គាប់ឱ្យជម្លៀសប្រជាជន នៅតាមសហគមន៍ជាប់តំបន់ឆ្នេរ ជាទីដែលត្រូវបានរំពឹងថា នឹងទទួលបានការវាយលុកពីព្យុះនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានឱ្យដឹងថា ព្យុះទីហ្វុង ដុកស៊ូរី (Doksuri) កំពុងប្រមូលផ្តុំកម្លាំងខ្យល់ក្នុងល្បឿនអតិបរមា ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលវាកំពុងធ្វើដំណើរមករក ទីប្រជុំកោះមួយនៅចុងភាគខាងជើងនៃកោះធំ លូហ្សុន (Luzon) របស់ហ្វីលីពីន។ ព្យុះទីហ្វូងនេះ ត្រូវបានរំពឹងថា នឹងបោកបក់មកចំផ្ទាល់ ឬបោកបក់យ៉ាងកៀកខ្លាំងកាត់ទីប្រជុំកោះ បាប៊ូយ៉ាន (Babuyan) ឬមួយក៏ខេត្ត ខាហ្កាយ៉ាន (Cagayan) ដែលនៅភាគឦសាន នារសៀលថ្ងៃពុធសប្តាហ៍នេះ។
គួរបញ្ជាក់ថា យោងតាមការព្យាករ ព្យុះទីហ្វុងខាងលើ នឹងនាំមកនូវទឹកភ្លៀងកម្រិតជាង២០០មីលីម៉ែត្រ ធ្លាក់លើទីប្រជុំកោះ Babuyan ហើយនិងផ្នែកភាគខាងជើងនៃខេត្ត Cagayan, ខេត្តអាប៉ាយ៉ាវ (Apayao) និងខេត្តអ៉ីឡូកូស ណ័រទេ (Ilocos Norte)។ កោះចំនួន៣ ក្នុងចំណោមកោះទាំង៥ នៅទីប្រជុំកោះ Babuyan គឺមានមនុស្សរស់នៅ ដែលសរុបចំនួនខ្ទង់២០,០០០នាក់។ បន្ទាប់ពីប្រទេសហ្វីលីពីន ព្យុះទីហ្វុង Doksuri ក៏នឹងបន្តដំណើរទៅរកកោះតៃវ៉ាន់ និងតំបន់ភាគខាងកើតប្រទេសចិន ផងដែរ៕