(មីនស្ក៍)៖ ប្រមុខនៃក្រសួងគ្រប់គ្រងស្ថានភាពអាសន្ននៃប្រទេសបេឡារុស បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ក្រសួងបាន និងកំពុងបញ្ចប់ការហ្វឹកហ្វឺន ផ្នែកអាវុធ និងយោធាដល់បុគ្គលិករបស់ខ្លួន ដើម្បីត្រៀមជួយក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើង។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
កាលពីដើមឆ្នាំ២០២៣នេះ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ធ្លាប់និយាយដូច្នេះថា« លោកចង់ឲ្យ មនុស្សគ្រប់រូប...ហើយមិនត្រឹមតែបុរសប៉ុណ្ណោះទេ យ៉ាងហោចណាស់អាចចេះប្រើប្រាស់អាវុធ ដើម្បីឆ្លើយតបទៅនឹងទង្វើនៃការឈ្លានពាន»។
លោក វ៉ាឌីម ស៉ីនយ៉ាវស្គី (Vadim Sinyavsky) រដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងស្ថានភាពអាសន្ន បានប្រាប់ទូរទស្សន៍រដ្ឋបេឡារុស ថា«បុគ្គលិករបស់យើងនឹង ត្រៀមខ្លួនឲ្យបានរួចជាស្រេច ជាមួយនិងការចូលរួមក្នុងចំនួនដ៏ច្រើន ដើម្បីជួយដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ករណីមានជម្លោះប្រដាប់អាវុធ ឬកុបកម្មណាមួយ»។
គួរបញ្ជាក់ថា បេឡារុស និងរុស្ស៉ី បានធ្វើសមយុទ្ធហ្វឹកហ្វឺនយោធារួមគ្នាជាច្រើនលើកហើយនៅក្នុងខែមិថុនាកន្លងមកនេះ លោក លូកាសិនកូ បានអនុញ្ញាតឲ្យ រុស្ស៉ីបំពាក់អាវុធនុយក្លេអ៊ែរតាក់ទិក នៅប្រទេសរបស់លោក បើទោះជារងការថ្កោលទោសយ៉ាងខ្លាំងពីលោកខាងលិច។ ដោយសារតែទំនាក់ទំនងជិតស្និទ្ធ នេះឯង បានឲ្យនាំមានការព្រួយបារម្ភថា លោក ពូទីន អាចនឹងដាក់សម្ពាធជាថ្មីឲ្យទីក្រុងមីនស្ក៍ ចូលរួមក្នុងការវាយលុក ឬប្រើប្រាស់ទឹកដីរបស់ខ្លួនសម្រាប់ សកម្មភាពវាយប្រហារលើអ៊ុយក្រែន៕