(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្តាហ៍នេះ បានហៅការផ្តល់សច្ចាប័នរបស់សភាអ៉ីស្រាអែលលើកំណែទម្រង់ប្រព័ន្ធតុលាការថាជា «រឿងអកុសល» និងមិនអើពើចំពោះយោបល់របស់លោកប្រធានាធិបតី ចូ បៃដិន ដែលម្តងហើយម្តងទៀតបានជំរុញដល់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ឲ្យធ្វើការដោយផ្អែកលើការឯកភាពគ្នាខាងនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ថា «ក្នុងនាមជាមិត្តពេញមួយជីវិតរបស់អ៉ីស្រាអែល លោកប្រធានាធិបតី បៃដិន ធ្លាប់បានសម្តែងជាសាធារណៈ និងជាលក្ខណៈឯកជននូវទស្សនៈរបស់លោកថា ការផ្លាស់ប្តូរណាមួយដែលផ្អែកលើស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យ គឺតម្រូវឲ្យមានការឯកភាពគ្នាយ៉ាងទូលំទូលាយ តាមដែលអាចធ្វើទៅបាន។ វាជារឿងអកុសលដែលការផ្តល់សច្ចាប័នពីសភាអ៉ីស្រាអែល នៅតែអាចធ្វើឡើងដោយមានសំលេងភាគតិច»។
គួរបញ្ជាក់ថា សមាជិកសភាបក្សប្រឆាំងបានធ្វើពហិការមិនចូលរួមការបោះឆ្នោត ដែលរៀបចំដោយក្រុមចម្រុះរបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ នោះទេ។ ប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោត លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា តុលាការនឹងនៅតែមានឯករាជ្យភាព ហើយលោកសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំង លើការផ្លាស់ប្តូរប្រព័ន្ធតុលាការនៅចុងខែវិច្ឆិកា ខាងមុខនេះ៕