(យូអិន)៖ ចិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអះអាងថាខ្លួនបានអនុវត្តយ៉ាងតឹងរ៉ឹងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងលិខិតមួយច្បាប់របស់ក្រុមប្រទេស G7 សហភាពអឺរ៉ុប (EU) និងបណ្ដាប្រទេសមួយចំនួនដែលជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ កូរ៉េខាងជើង ពីការគេចរួចផុតពីទណ្ឌកម្ម តាមរយៈការប្រើប្រាស់ដែនទឹកចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
លិខិតមួយច្បាប់ផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក ចាង ជុន (Zhang Jun) កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានបង្ហាញការព្រួយបារម្ភផងដែរពី វត្តមានកប៉ាល់ដឹកប្រេងជាច្រើគ្រឿង ដែលអាចនឹងប្រើប្រាស់ដែនទឹករបស់ចិនក្នុងតំបន់សមុទ្រ Sansha Bay ជាទីជម្រកសម្រួលដល់ការជួញដូរ ប្រេងឥន្ធនៈរបស់ពួកគេដែលជាប់ទណ្ឌកម្ម UN ទៅឱ្យកូរ៉េខាងជើង។
លិខិតនេះដដែលត្រូវបានចុះហត្ថលេខាដោយក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងចក្រភពអង់គ្លេស បូករួមជាមួយអូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។ ក៏ប៉ុន្តែ អ្នកនាំពាក្យបេសកកម្មចិនប្រចាំ UN បានបញ្ជាក់ថាចិនតែងតែងអនុវត្តយ៉ាង តឹងរ៉ឹងនូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិ។ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមដែរថាចិនជំរុញឱ្យភាគីពាក់ព័ន្ធ ទាំងអស់ អនុវត្តយ៉ាងពេញលេញនូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ ជាពិសេសពាក់ព័ន្ធនឹងការជំរុញឱ្យមានកិច្ចសន្ទនា ពង្រឹងកិច្ចខិតប្រឹងប្រែងការទូត និងលើកកម្ពស់ការផ្សះផ្សានយោបាយ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ចិនឆ្លើយតបទៅនឹងលិខិតរបស់បណ្ដាប្រទេសលោកខាងលិច កើតមានឡើងចំពេលគណៈប្រតិភូជាន់ខ្ពស់ចិន ត្រូវបានគេ រាយការណ៍ថានឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ៕