(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះបានសម្រេចចិត្តលុបចោលផ្នែកខ្លះនៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ខណៈអាជ្ញាធរកំពុងបង្កើនការត្រៀមលក្ខណៈ ទប់ទល់នឹងព្យុះទីហ្វុងមួយដែលកំពុងបោកបក់កាន់តែខិតជិតមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ព្យុះទីហ្វុងជារឿយៗតែងតែវាយប្រហារក្បែរដែនកោះតៃវ៉ាន់ នៅក្នុងរដូវនេះ ប៉ុន្តែ តៃវ៉ាន់ មិនធ្លាប់រងការវាយប្រហារដោយផ្ទាល់ដោយព្យុះទីហ្វុងណាមួយ នោះទេ ចាប់តាំងពីឆ្នាំ២០១៩មក។ ដូច្នេះហើយទើបអាជ្ញាធរជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់បំផុត នៅចំពោះមុខព្យុះទីហ្វុងឈ្មោះ Doksuri ដែលត្រូវបានចាត់ថ្នាក់ជាព្យុះ super typhoon ត្រូវបានគេរំពឹងថាអាចនឹងបក់បោកទៅដល់ច្រកសមុទ្រ Bashi Channel ដែលខណ្ឌចែករវាងតៃវ៉ាន់ និងហ្វីលីពីន ក្នុងដំណើរឆ្ពោះពីលិច ទៅទិសពាយព្យ។ ព្យុះនេះអាចនឹងទៅដល់តំបន់ដែនទឹកនៃតំបន់ឆ្នេរភាគខាងត្បូងតៃវ៉ាន់ មុននឹងវាយប្រហារដល់ ដីគោកនៃភាគខាងត្បូងប្រទេសចិន។

គួរបញ្ជាក់ថា ដោយបញ្ជាក់ពីហេតុផលសុវត្ថិភាព និងពីភាពចាំបាច់នៃការត្រៀមលក្ខណៈទប់ទល់នឹងព្យុះ ក្រសួងការពារជាតិតៃវ៉ាន់ បានសម្រេចចិត្ត លុបចោលផ្នែកខ្លះនៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះ Han Kuang ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ។ ចំណែក ការិយាល័យឧតុនិយម តៃវ៉ាន់ ក៏បានប្រកាសអាសន្នផងដែរនៅតាមតំបន់សមុទ្រ ហើយនឹងប្រកាសអាសន្នសម្រាប់តំបន់ដីគោកនៃផ្នែកភាគខាងត្បូងរបស់ខ្លួននៅថ្ងៃអង្គារនេះ ជាមួយការក្រើនរំឮកឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង៕