(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថាខ្លួនមិនគាំទ្រឱ្យអ៊ុយក្រែន បើកការវាយប្រហារនៅក្នុងទឹកដីរុស្ស៉ីនោះទេ បន្ទាប់ពីការវាយប្រហារដោយយន្ដហោះដ្រូន២គ្រឿង បង្ក ការខូចខាតដល់អគារមួយចំនួន ក្នុងទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានគូសបញ្ជាក់ដូច្នេះថា «ដូចដែលយើងធ្លាប់បានបញ្ជាក់កន្លងមក យើងមិនគាំទ្រចំពោះការវាយប្រហារណាមួយក្នុងទឹកដីរុស្ស៉ីនោះទេ»។ លោកស្រីបន្ថែមថា «នេះជាសង្រ្គាមដែលរុស្ស៉ីខ្លួនឯងជាអ្នកចាប់ផ្ដើម។ នេះជាសង្រ្គាមរបស់ពួកគេ ហើយពួកគេអាចបញ្ចប់វាបានគ្រប់ពេល តាមរយៈការដកកងទ័ពចេញពីអ៊ុយក្រែន ជំនួសឱ្យ ការវាយប្រហារយ៉ាងឃោរឃៅលើជនស៊ីវិល»។
គួរបញ្ជាក់ថា រុស្ស៉ី កាលពីថ្ងៃចន្ទ បាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន ២គ្រឿងរបស់អ៊ុយក្រែន ក្នុងដែនអាកាសនៃទីក្រុងមូស្គូ ដោយមានយន្ដហោះដ្រូន មួយគ្រឿងបានធ្លាក់នៅក្បែរអគារក្រសួងការពារជាតិរុស្ស៉ី។ កាលពីខែឧសភាកន្លងទៅ ទីក្រុងមូស្គូក៏ធ្លាប់រងការវាយប្រហារដោយយន្ដហោះដ្រូនផងដែរ ដែលអាជ្ញាធរុស្ស៉ី ចោទថាជាស្នាដៃរបស់អ៊ុយក្រែន តែខាងទីក្រុងកៀវមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ៕