(ញូវដេលី)៖ ប៉ូលីសឥណ្ឌាបាននិយាយថា នៅថ្ងៃចន្ទសប្តាហ៍នេះ ពួកគេបានចាប់ខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៧៤ នាក់ ពីបទរស់នៅ «ខុសច្បាប់» នៅក្នុងរដ្ឋភាគខាងជើង Uttar Pradesh ដែលជាចលនាមួយដែលត្រូវបានថ្កោលទោសថា ជាការបង្រ្កាបដោយបំពានលើប្រជាជនដែលភៀសខ្លួនចេញពីអំពើហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ប៉ូលីសបាននិយាយថា សមាជិកនៃសហគមន៍មូស្លីមរ៉ូហ៊ីងយ៉ាត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងចំនួនប្រាំមួយ ក្នុងរដ្ឋ Uttar Pradesh ហើយជនភៀសខ្លួន ១០នាក់ជាអនីតិជន។
ក្រុមគំនិតផ្តួចផ្តើមសិទ្ធិមនុស្សរ៉ូហ៊ីងយ៉ា បាននិយាយថា មនុស្សដែលត្រូវបានឃុំឃាំងខាងលើ បានរស់នៅក្នុងតំបន់នេះប្រហែល ១០ឆ្នាំហើយ បន្ទាប់ពីបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Sabber Kyaw Min ដែលជាប្រធានក្រុមនេះបាននិយាយថា ពួកគេទាំងនោះរស់នៅយ៉ាងវេទនា តោកយ៉ាកបំផុត ដោយអ្នកខ្លះនៅតាមគំនរសម្រាមទៀតផង។ លោកបានបន្ថែមថា «ពួកគេគ្រាន់តែទាមទារកន្លែងជ្រកកោនប៉ុណ្ណោះ។ សហគមន៍កំពុងស្នើសុំ ... បញ្ចប់ការឃុំឃាំង»។
គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសមួយចំនួនដូចជាបង់ក្លាដែស ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។
ឥណ្ឌាមិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីជនភៀសខ្លួន របស់អង្គការសហប្រជាជាតិឆ្នាំ ១៩៥១ ដែលកំណត់សិទ្ធិជនភៀសខ្លួនទេ ហើយក៏មិនមានច្បាប់ការពារជនភៀសខ្លួនរបស់ខ្លួនដែរ។
យោងតាម លោក Ali Gohar ដែលសហស្ថាបនិកនៃគំនិតផ្តួចផ្តើមសិទ្ធិមនុស្សរ៉ូហ៊ីងយ៉ា បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ១៨,០០០នាក់ កំពុងរស់នៅក្នុងប្រទេសឥណ្ឌាគិតត្រឹមដើមឆ្នាំ២០២២៕