(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា) នេះថា គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានទទួលស្គាល់ជាលើកដំបូង ចាប់តាំងពីទីក្រុងព្យុងយ៉ាងបានបិទព្រំដែនរបស់ខ្លួន ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
KCNA បានរាយការណ៍ថា សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Li Hongzhong នឹងចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី ៧០ឆ្នាំ នៃការបញ្ចប់សង្គ្រាមកូរ៉េ។
ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ២០២០ ចំពោះរាល់សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់របស់ខ្លួន គឺប្រទេសចិនក៏ដោយ។
ទីភ្នាក់ងារនេះបាននិយាយថា លោក Li ដែលជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនផងដែរនោះ នឹងធ្វើទស្សនកិច្ចប្រទេសកូរ៉េខាងជើង ដើម្បី «ចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី៧០ ឆ្នាំ នៃទិវាជ័យជំនះនៃសង្រ្គាមរំដោះជាតិដ៏អស្ចារ្យ»។
ប្រទេសកូរ៉េខាងជើងសំដៅទៅលើថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដែល ជាកាលបរិច្ឆេទដែលបទឈប់បាញ់បានបញ្ចប់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមកូរ៉េត្រូវបានចុះហត្ថលេខាថា ជាថ្ងៃជ័យជំនះ។ ព្រឹត្តិការណ៍ជាច្រើនត្រូវបានគេរំពឹងថា នឹងប្រារព្ធខួបលើកទី៧០ នៅឆ្នាំនេះ។
គួរបញ្ជាក់ថា បើតាមបច្ចេកទេស កូរ៉េខាងជើង និងខាងត្បូងនៅតែមានសង្រ្គាម ព្រោះប្រទេសជាបងប្អូនគ្នានេះមិនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាទេ។ ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុនបានឃុំខ្លួនទាហានអាមេរិកម្នាក់ ដែលបានរត់ឆ្លងព្រំដែនអន្តរកូរ៉េដោយខុសច្បាប់ ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន បានប្រឈមមុខនឹងបញ្ហាការទូតថ្មីជាមួយនឹងរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ៕