(តូក្យូ)៖ ក្រុមមន្ត្រីអាមេរិក និងជប៉ុន បាន និងកំពុងសហការគ្នាក្នុងការរៀបចំផែនការមួយ សម្រាប់សង្រ្គាមដើម្បីកោះតៃវ៉ាន់ អស់រយៈពេលជាងមួយឆ្នាំហើយ ប៉ុន្តែ កិច្ចពិភាក្សានៅតែមិនទាន់អាចដោះស្រាយ ឬឆ្លើយនឹងសំណួរដ៏សំខាន់មួយបាននៅឡើយទេ នោះគឺថា «តើជប៉ុននឹងចូលរួមក្នុងសង្រ្គាមដែរឬក៏យ៉ាងណា?»។ អត្ថបទមួយចេញផ្សាយដោយកាសែតអាមេរិក Wall Street Journal កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោន បានជំរុញលើក ទឹកចិត្តឱ្យទីក្រុងតូក្យូពិចារណាលើជម្រើសយោធា ដូចជាការប្រមាញ់នាវាមុជទឹកចិននៅជុំវិញកោះតៃវ៉ាន់ជាដើម ប៉ុន្តែមិនបានទទួលការប្ដេជ្ញាចិត្តខាងយោធាមួយពី ក្រុមមន្ត្រីជប៉ុននោះទេ។
ដោយសារតែមានទីតាំងភូមិសាស្ត្រស្ថិតនៅចម្ងាយតែជាង ៧០ miles ឬជាង ១២២គីឡូម៉ែត្រពីកោះតៃវ៉ាន់ និងទទួលឱ្យកងទ័ពអាមេរិកប្រហែលជា ៥៤,០០០នាក់ ឈរជើងផងនោះ ការចូលរួម និងការប្ដេជ្ញាចិត្តរបស់ជប៉ុនដើម្បីការពារតៃវ៉ាន់ ពិតជាមានសារៈសំខាន់បំផុតមិនអាចខ្វះបាន។ នៅក្នុងករណីដែលចិនប្រើប្រាស់ កម្លាំងយោធាលើតៃវ៉ាន់ ហើយសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ដូចដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អះអាងមែនពិតមែន នោះកងទ័ពអាមេរិកនៅលើទឹកដីជប៉ុននេះឯងដែលនឹងត្រូវធ្វើសកម្មភាពមុនគេ។ នៅក្រោមកិច្ចព្រមព្រៀងមួយចុះកាលបរិច្ឆេទអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ សហរដ្ឋអាមេរិកចាំបាច់ត្រូវទទួលបានការយល់ព្រមពីជប៉ុនជាមុនសិន ហើយបញ្ហាចម្បងគឺនៅត្រង់នេះឯង ពោលគឺទីក្រុងតូក្យូនឹងត្រូវរងសម្ពាធយ៉ាងធ្ងន់ ក្នុងការសម្រេចចិត្តផ្ដល់ភ្លើងបៃតង ខណៈការបដិសេធណាមួយអាចនឹងបំផ្លាញដល់សម្ព័ន្ធភាពជាមួយអាមេរិក ដែលបានធានាការពារសន្តិសុខជប៉ុន រាប់សិបឆ្នាំមកនេះ។
ការបញ្ចុះបញ្ចូលឱ្យជប៉ុនចូលរួមដោយផ្ទាល់ក្នុងសង្រ្គាម ឬជម្លោះមួយ គឺជាមានភាពលំបាកជាទីបំផុត។ ជាសាធារណៈ ថ្នាក់ដឹកនាំជប៉ុនតែងតែចៀសវាងការពិភាក្សា ឬការនិយាយពីតួនាទីនៅក្នុងសង្រ្គាមនៅតៃវ៉ាន់ ហើយមូលហេតុមួយផ្នែកធំ នោះក៏ដោយសារតែប្រជាជនជប៉ុនភាគច្រើនមិនគាំទ្រឱ្យប្រទេសរបស់ពួកគេធ្លាក់ចូល ក្នុងសង្រ្គាមនោះទេ។ «ប្រសិនបើអ្នកសួរសំណួរប្រភេទនេះ គឺថាតើអ្នកសុខចិត្តប្រថុយជីវិតរបស់អ្នកដើម្បីការពារតៃវ៉ាន់ដែរឬទេ? ខ្ញុំគិតថា៩០ភាគរយនៃប្រជាជន ជប៉ុននឹងឆ្លើយថា «ទេ» នៅខណៈពេលនេះ»។ នេះជាការលើកឡើងរបស់លោក Satoru Mori ជាសាស្ត្រាចារ្យផ្នែកនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Keio University មានមូលដ្ឋានក្នុងទីក្រុងតូក្យូ។
ទីក្រុងតូក្យូ ត្រូវបានគេរាយការណ៍ថាកំពុងបោះទុនវិនិយោគដោយផ្ដោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាមីស៊ីលគ្រូសបាញ់រយៈចម្ងាយឆ្ងាយ និងបរិក្ខារយោធាដទៃទៀត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនធំធាត់នៃឃ្លាំងអាវុធរបស់ចិន។ ក៏ប៉ុន្តែ ជប៉ុន បានអះអាងថាការពង្រឹងសមត្ថភាពយោធារបស់ខ្លួន មានគោលដៅស្វ័យការពារខ្លួន តែប៉ុណ្ណោះ ដូចដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានកត់សម្គាល់ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់កោះអូគីណាវ៉ា (Okinawa) កាលពីពេលថ្មីៗ នេះដូច្នេះថា «យើងបានចំណាយយ៉ាងច្រើនលើការពង្រឹងសមត្ថភាពយោធាកំញើញទប់ស្កាត់សង្រ្គាម និងសមត្ថភាពធ្វើការឆ្លើយតប ដើម្បីកាត់បន្ថយហានិភ័យដែល យើងអាចនឹងរងការវាយប្រហារ»។
បើតាមរដ្ឋធម្មនុញ្ញជប៉ុនដែលត្រូវបានជួយតាក់តែងឡើងដោយសហរដ្ឋអាមេរិក ក្រោយសង្រ្គាមលោកលើកទី២បិទបញ្ចប់ ជប៉ុនត្រូវបដិសេធរាល់ការប្រើប្រាស់ កម្លាំងបាយ ដើម្បីផ្សះផ្សារជម្លោះ។ តែនៅក្រោមច្បាប់ថ្មីមួយដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៥ នៅក្រោមរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ជប៉ុនអាចប្រើកម្លាំងយោធាបាន ប្រសិនបើសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនស្ថិតនៅក្រោមការវាយប្រហារនៅចំពោះមុខ ហើយសន្តិសុខជាតិប្រឈមមុខនឹង គ្រោះថ្នាក់។ ការសិក្សាស្រាវជ្រាវមួយចេញផ្សាយកាលពីដើមឆ្នាំ២០២៣នេះ ដោយមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន បានរកឃើញថាសហរដ្ឋអាមេរិកអាចរាំងខ្ទប់ចិន មិនឱ្យវាយកាន់កាប់កោះតៃវ៉ាន់បាន លុះត្រាតែមានការគាំទ្រ និងការចូលរួមពីសម្ព័ន្ធមិត្ត តួយ៉ាងដូចជាជប៉ុន និងអូស្ត្រាលី។
នៅក្នុងសេណារីយ៉ូមួយនៃការសិក្សានេះ ក៏បានព្យាករដែរថាជប៉ុននឹងចូលរួមជាមួយសហរដ្ឋអាមេរិក នៅបន្ទាប់ពីចិនបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅលើទឹកដីជប៉ុន ដោយបំផ្លាញយន្ដហោះចម្បាំងរាប់រយគ្រឿងរបស់សហរដ្ឋអាមេរិក និងជប៉ុន ទើបនាវាចម្បាំង និងយន្ដហោះចម្បាំងរបស់ជប៉ុនដែលរួចផុតពី ការវាយប្រហារនេះ បើកការវាយប្រហារលើចិន នៅប៉ែកខាងជើង និងប៉ែកខាងកើតនៃកោះតៃវ៉ាន់ ព្រមទាំងជួយស្ទាក់បំផ្លាញនាវាដែលដឹកសព្វាវុធ និងទាហានចិន ឡើងលើដីគោករបស់តៃវ៉ាន់។ ក្នុងសេណារីយ៉ូនេះដែរ នាវាមុជទឹករបស់ជប៉ុន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបាញ់ពន្លិចនាវាចម្បាំងចិន។
តែទោះជាយ៉ាងនេះក្ដី ខណៈទាល់តែមានការវាយប្រហាររបស់ចិនលើមូលដ្ឋានទ័ពអាមេរិកលើទឹកដីជប៉ុន ទើបលុបបំបាត់ភាពស្ទាក់ស្ទើររបស់ទីក្រុងតូក្យូ អ្នកវិភាគ ជប៉ុន និងអាមេរិកមួយចំនួនយល់ថា «គ្មានអ្វីអាចធានាបានឡើយថាសង្រ្គាមនៅតៃវ៉ាន់អាចដើរតាមសេណារីយ៉ូបែបនេះ»។ ម្យ៉ាងវិញទៀត អ្វីដែលជាការព្រួយបារម្ភ ធំបំផុតរបស់ជប៉ុន នោះគឺខ្លាចថាបើជប៉ុនលូកដៃចូលរួម នោះវាអាចនឹងធ្វើឱ្យសង្រ្គាមរាលដាលកាន់តែធំ។ ជាឧទាហរណ៍៖ ចិនអាចនឹងជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជារុស្ស៉ី និងកូរ៉េខាងជើង វាយប្រហារលើជប៉ុន ឬក៏គំរាមប្រើអាវុធនុយក្លេអ៊ែរតែម្ដង ដែលជប៉ុនធ្លាប់បានភ្លក់រួចហើយនៅក្នុងសង្រ្គាមលោកលើកទី២។
បើតាម Wall Street Journal បច្ចុប្បន្ន សហរដ្ឋអាមេរិក បាន និងកំពុងស្វែងរកការបញ្ជាក់ជំហរឱ្យច្បាស់ពីជប៉ុន ក្នុងពេលដែលសម្ព័ន្ធមិត្តទាំង២ កំពុងព្រាងផែនការ ស្ដីពីការធ្វើប្រតិបត្តិការរួមគ្នាសម្រាប់ជម្លោះ ឬសង្រ្គាមនៅតៃវ៉ាន់។ កម្មវត្ថុសំខាន់ៗក្នុងនោះរួមមានទាំងផ្លូវផ្គត់ផ្គង់ ទីតាំងសម្រាប់ប្រព័ន្ធមីស៊ីល និងផែនការជម្លៀស ប្រជាជនជាដើម។ កាសែតអាមេរិកមួយនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក៏បានឱ្យដឹងដែរថាជប៉ុនមានឆន្ទៈគាំទ្រយោធាអាមេរិក តាមរយៈការផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ដទៃទៀត។
គួរបញ្ជាក់ថា យោធាជប៉ុន ដែលគេស្គាល់ជាទូទៅថាកងកម្លាំងស្វ័យការពារជប៉ុន បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនាវាពិឃាដ ៥០គ្រឿង នាវាមុជទឹកប្រយុទ្ធ ២២គ្រឿង និងយន្ដហោះចម្បាំងជាង៣០០គ្រឿង។ កាលពីចុងឆ្នាំ២០២២ ទីក្រុងតូក្យូបានអះអាងថាខ្លួននឹងបង្កើនការចំណាយលើកញ្ចប់ថវិកាយោធាប្រហែល ៦០ភាគរយ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ឬស្មើនឹង ២ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប (GDP)។ ជប៉ុន ក៏មានផែនការទិញមីស៊ីសគ្រូស Tomahawk ពីសហរដ្ឋអាមេរិក ផងដែរ រីឯមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយដែលជប៉ុនផលិតដោយខ្លួនឯង ត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រើប្រាស់នៅក្រោយនិទាឃរដូវឆ្នាំ២០២៦។ ចំណែក កងកម្លាំងយន្ដហោះចម្បាំង F-35 របស់ជប៉ុនវិញគ្រោងនឹងត្រូវបានបង្កើនពី ៣០គ្រឿង ដល់១៤៧គ្រឿង ដែលនេះនឹងធ្វើឱ្យជប៉ុនក្លាយជាប្រទេសមានកងកម្លាំង យន្ដហោះចម្បាំង F-35 ធំបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក។
កាលពីឆ្នាំ២០២១ អតីតឧបនាយករដ្ឋមន្ត្រីជប៉ុន លោក Taro Aso ធ្លាប់បានលើកឡើងថាសង្រ្គាមដើម្បីកោះតៃវ៉ាន់ អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាតិរបស់ ជប៉ុន ដែលនេះនឹងផ្ដល់ភាពត្រឹមត្រូវដល់ជប៉ុន ក្នុងការការពារដែនកោះមួយនេះ។ ប៉ុន្តែ លោក Satoru Mori បាននិយាយថាចន្លោះប្រហោង ឬការខ្វះខាតនៃការជែក ឬការពិភាក្សាជាសាធារណៈនៅក្នុងប្រទេសជប៉ុន ថាតើ «ហេតុអ្វីបានជាទីក្រុងតូក្យូ ចាំបាច់ត្រូវតែការពារកោះតៃវ៉ាន់» អាចនឹងបង្កឱ្យមានចលាចលនយោបាយ ហើយ ដោយគ្មានគោលជំហរច្បាស់លាស់ រដ្ឋាភិបាលជប៉ុននឹងត្រូវតស៊ូយ៉ាងលំបាកដើម្បីរក្សាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ខណៈដោះស្រាយបញ្ហាជាកង្វល់របស់ ប្រជាជនជប៉ុន៕