(បែរឡាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយថា លោករដ្ឋមន្ត្រី បូរីស ពីសទូរីអ៊ូស (Boris Pistorius) បានលុបចោលផែនការធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ាក់ និងហ៊្សកដានី ដោយសារតែមានការព្រួយបារម្ភផ្នែកសន្តិសុខ បន្ទាប់ពីមានបាតុកម្មតវ៉ានៅឯស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាកដាដ ជុំវិញការដុតគម្ពីគួរអាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ការលុបចោលផែនការធ្វើដំណើររបស់ លោក ពីសទូរីអ៊ូស ដែលអាចមានរយៈពេលច្រើនថ្ងៃ ក៏ជាការឆ្លើយតបទៅនឹងការតវ៉ាដោយហិង្សា ប្រឆាំងនឹងអង្គការមិនមែនរដ្ឋាភិបាលរបស់ដាណឺម៉ាក នៅក្នុងប្រទេសអ៉ីរ៉ាក់ផងដែរ។ ជាមួយគ្នានេះ ហានិភ័យនៃការតវ៉ាបន្ថែមទៀតនោះ កងកម្លាំងសន្តិសុខអាល្លឺម៉ង់ក៏បានផ្តល់យោបល់ឲ្យលុបចោល ដោយបន្ថែមថា នឹងមានទស្សនកិច្ចនៅពេលក្រោយ ដែលប្រហែលជាអាចនៅចុងឆ្នាំ២០២៣នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រជាជនអ៉ីរ៉ាក់ជាច្រើនពាន់នាក់បានធ្វើបាតុកម្មក្នុងទីក្រុងបាកដាដ ជុំវិញការដុត ឬបំផ្លាញគម្ពីគួរអាន អំឡុងពេលមានបាតុកម្មប្រឆាំងសាសនាអ៉ីស្លាមនៅក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាក៕