(កង់បេរ៉ា)៖ អូស្រ្តាលីនៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួននឹងចំណាយថវិកាចំនួន ៩.៨ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង៦.៦ពាន់លានដុល្លារអាមេរិក ដើម្បីទិញយន្តហោះយោធាដឹកជញ្ជូន ស៊ូភើ ហឺឃ្យូលីស (Super Hercules) ចំនួន២០គ្រឿង នៅមុនការបំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះ ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
កាលពីវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការបរទេសអាមេរិក បានផ្តល់ភ្លើងបៃតងចំពោះលទ្ធភាពនៃការលក់យន្តហោះយោធាដឹកជញ្ជូនខាងលើ ដែលផលិតដោយក្រុមហ៊ុន ឡក់ឃីដ ម៉ាទីន (Lockheed Martin) ព្រមទាំងសម្ភារពាក់ព័ន្ធឱ្យទៅអូស្រ្តាលី។ រដ្ឋមន្រ្តីការពារជាតិរបស់អូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា ទីក្រុងកង់បេរ៉ារំពឹងចាប់ផ្តើមទទួលបានយន្តហោះទាំងនោះ នៅខ្ទង់ឆ្នាំ២០២៧។
កិច្ចព្រមព្រៀងខាងលើកើតឡើង ស្របពេលដែលការធ្វើសមយុទ្ធយោធារួមអូស្រ្តាលី-អាមេរិក ដែលមានវត្តមានកងទ័ពនិងអ្នកចូលរួមសរុបលើស ៣០,០០០នាក់ មកពី១១ប្រទេសផ្សេងទៀត បាននិងកំពុងតែប្រព្រឹត្តទៅ ក្នុងសកម្មភាពមួយដើម្បីបង្ហាញសាច់ដុំនិងសាមគ្គីភាព ចំគ្រាដែលឥទ្ធិពលចិនមានការកើនឡើងខ្លាំង នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ សមយុទ្ធយោធា ថាលីស្មេន សេបឺ (Talisman Sabre) ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ បានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនឹងប្រព្រឹត្តទៅនៅកន្លែងចម្រុះផ្សេងគ្នា ទូទាំងប្រទេសអូស្រ្តាលី សម្រាប់រយៈពេល២សប្តាហ៍។
គួរបញ្ជាក់ថា លោក ម៉ាល និងលោក អូស្ទីន នឹងធ្វើដំណើរទៅកាន់ភាគខាងជើងរដ្ឋគ្វីនលែន (Queensland) ដើម្បីទស្សនាការធ្វើលំហាត់យោធា អំឡុងសមយុទ្ធនោះ ក្រោយបើកកិច្ចប្រជុំប្រចាំឆ្នាំ រវាងរដ្ឋមន្រ្តីការពារជាតិនិងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី-អាមេរិក ហៅកាត់ថា AUSMIN ក្នុងទីក្រុងប៊្រីសបេន (Brisbane) នៅថ្ងៃទី២៨-២៩ ខែកក្កដា៕