(សេអ៊ូល)៖ បញ្ជាការដ្ឋានពហុជាតិរបស់អង្គការសហប្រជាជាតិ (UN Command) ដែលទទួលបន្ទុកមើលការខុសត្រូវទៅលើ ការអនុវត្តបទឈប់បាញ់សង្រ្គាមកូរ៉េ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កិច្ចសន្ទនាបានចាប់ផ្តើមហើយរវាងបញ្ជាការដ្ឋាន UN និងកូរ៉េខាងជើង ជុំវិញករណីទាហានអាមេរិក ឈ្មោះ ត្រាវីស ឃីង (Travis King) ដែលបានឆ្លងចូលទៅកាន់ទឹកដីកូរ៉េខាងជើង នាពេលកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
លោក អាន់ឌ្រូ ហារីសុន (Andrew Harrison) ដែលជាមេបញ្ជាការរងនៃបញ្ជាការដ្ឋាន UN បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា កិច្ចសន្ទនាត្រូវបានផ្តួចផ្តើមឡើង និងកំពុងតែប្រព្រឹត្តទៅជាមួយខាងយោធាកូរ៉េខាងត្បូង តាមរយៈយន្តការមួយដែលមានរួចស្រាប់ នៅក្រោមបទឈប់បាញ់សង្រ្គាមកូរ៉េ។ លោក ហារីសុន បានសង្កត់ធ្ងន់ថា អ្វីដែលជាក្តីកង្វល់ចម្បងបំផុតនាពេលនេះ គឺស្ថានភាពសុខុមាលភាពរបស់ King។
គួរបញ្ជាក់ថា លោក Travis King ដែលជាទាហានកងទ័ពជើងគោករបស់សហរដ្ឋអាមេរិក ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានរត់ចូលទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារសប្តាហ៍មុន ពេលកំពុងស្ថិតក្នុងដំណើរកម្សាន្តទេសចរណ៍ជនស៉ីវិលមួយ នៅឯតំបន់ DMZ លើព្រំប្រទល់រវាងប្រទេសកូរ៉េទាំងពីរ។ រហូតមកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងមិនទាន់បានចេញមុខ ធ្វើសេចក្តីអត្ថាធិប្បាយណាមួយឡើយ ពាក់ព័ន្ធករណីទាហានអាមេរិករូបនោះ៕