(ប៉េកាំង)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ចិននិងរុស្ស៉ីបានបិទបញ្ចប់ការធ្វើសមយុទ្ធយោធាផ្លូវទឹកនិងផ្លូវអាកាសរួមគ្នា រវាងប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅនៅតំបន់សមុទ្រជប៉ុន ស្របពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខ ឱ្យកាន់តែស៉ីជម្រៅជាមួយជប៉ុននិងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
នាវាចម្បាំងសរុបជាង១០គ្រឿង និងយន្តហោះចម្បាំងជាង៣០គ្រឿងមកពីប្រទេសចិននិងរុស្ស៉ី បានចូលក្នុងក្នុងការសមយុទ្ធយោធាហៅថា Northern/Interaction-2023 ដែលមានរយៈពេល៤ថ្ងៃ។ លោក ឈីវ វិនសឹង (Qiu Wensheng) ដែលជាមន្រ្តីយោធាចិនទទួលបន្ទុកដឹកនាំការធ្វើសមយុទ្ធនេះ បាននិយាយថា វាគឺជាសកម្មភាពសំខាន់មួយ ក្នុងគោលដៅរក្សាការពារសន្តិសុខនៅតាមច្រកផ្លូវទឹកយុទ្ធសាស្រ្ត។ រីឯមន្រ្តីយោធារុស្ស៉ី លោក ខាឡឺរី កាសកូវ (Calery Kazkov) ដែលជាមេដឹកនាំរងនៃការធ្វើសមយុទ្ធ បាននិយាយថា វាបានជួយពង្រឹងសមត្ថភាពរបស់ភាគីទាំងពីរ ក្នុងការឆ្លើយតបចំពោះការគំរាមកំហែងយោធាផ្សេងៗ។
គួរបញ្ជាក់ថា សមយុទ្ធខាងលើគឺជាកាយវិការថ្មីចុងក្រោយមួយទៀត បង្ហាញពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៉ី ដែលបានមើលឃើញការធ្វើប្រាស្រ័យទាក់ទងរវាងក្រុមមន្រ្តីយោធាជាន់ខ្ពស់ ហើយនិងការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរ កាន់តែញឹកញាប់ជាងមុន។ វាកើតមានចំពេលដែលសហរដ្ឋអាមេរិក កំពុងបង្កើនសកម្មភាពយោធានិងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួននៅអាស៉ី។ កាលពីខែមិថុនាកន្លងទៅ សេតវិមានបានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីការរក្សាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការសហការសម្របសម្រួលគ្នា ជុំវិញបញ្ហានៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង៕