(ខាទុំ)៖ ការវាយប្រយុទ្ធគ្នា នៅតែបន្តផ្ទុះឡើងតាមផ្នែកខ្លះនៃប្រទេសស៊ូដង់ ខណៈសង្រ្គាមដណ្ដើមអំណាចបានឈានចូលដល់ថ្ងៃទី ១០០ហើយ គិតត្រឹមអាទិត្យចុងសប្តាហ៍ ខណៈការព្យាយាមសម្រុះសម្រួលពីប្រទេសធំៗក្នុងតំបន់ ក៏ដូចជាអន្តរជាតិត្រូវបរាជ័យក្នុងការស្វែងរកផ្លូវចេញពីជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា មនុស្សប្រហែល ១,១៣៦នាក់ត្រូវបានសម្លាប់ ហើយភាគីខាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) នៅមិនទាន់ ដណ្តើមយកជ័យជម្នះបានទេ ខណៈរដ្ឋធានីខាទុំ (Khartoum) ស្ថិតក្រោមការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំ។ ចំណែក ហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋបាល នានាបានដួលរលំ ហើយការប្រយុទ្ធគ្នាបានរីករាលដាលទៅភាគខាងលិច ជាពិសេសទៅកាន់តំបន់ដាហ្វួរ (Darfur) ក៏ដូចជានៅភាគខាងត្បូងដែលក្រុមឧទ្ទាមព្យាយាម ដណ្តើមយកទឹកដី។
ភាគីជម្លោះទាំងពីរ បានបញ្ជូនគណៈប្រតិភូទៅចាប់ផ្តើមកិច្ចចរចាឡើងវិញនៅទីក្រុងជិតដាស់ (Jeddah) ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសស៊ូដង់និយាយថា វាជាការចរចា ដោយប្រយោល និងមិនទាន់ស៉ីជម្រៅនោះទេ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានកើតឡើងកាលពីថ្ងៃទី១៥ ខែមេសា ដោយមេដឹកនាំកងទ័ពស៊ូដង់ និងមេដឹកនាំទាហានប៉ារ៉ាប្រជែងគ្នាដណ្តើមអំណាច។ ចាប់តាំងពីពេលនោះ មកដែរ មនុស្សជាង ៣លាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕