(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃចន្ទនេះ បាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន ២គ្រឿង របស់អ៊ុយក្រែន ក្នុងដែនអាកាសនៃទីក្រុងមូស្គូ ដោយមានយន្ដហោះដ្រូន មួយគ្រឿងបានធ្លាក់នៅក្បែរអគារក្រសួងការពារជាតិរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ការវាយប្រហារដោយយន្ដហោះដ្រូននេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងកៀវ បានសន្យាសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ី លើ ទីក្រុងកំពង់ផែអូដេសា។ ឆ្លើយតបទៅនឹងការវាយប្រហារនេះដែរ ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្មរបស់របបទីក្រុងកៀវ ដោយប្រើប្រាស់យន្ដហោះដ្រូន ២គ្រឿង វាយប្រហារលើគោលដៅនៅលើទឹកដីនៃទីក្រុងមូស្គូ ត្រូវបានទប់ស្កាត់។ យន្ដហោះដ្រូន ២គ្រឿងរបស់អ៊ុយក្រែនត្រូវបាញ់ទម្លាក់ ហើយមិនមានអ្នកស្លាប់ និងរងរបួស នោះឡើយ»។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS យន្ដហោះដ្រូនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅក្បែរអគារនៃក្រសួងការពារជាតិរុស្ស៉ី រីឯមួយគ្រឿងទៀតបានធ្លាក់ នៅឯសង្កាត់ពាណិជ្ជកម្មមួយនៅតាមដងផ្លូវ លីខាឆេវវ៉ា (Likhacheva) ជាផ្លូវដ៏សំខាន់មួយក្នុងទីក្រុងមូស្គូ។ ការវាយប្រហារដោយយន្ដហោះដ្រូននេះ បានកើតឡើង នៅម៉ោង ៤៖០០ទៀបភ្លឺ នៅថ្ងៃចន្ទនេះ៕