(សេអ៊ូល)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី២៤ ខែកក្កដានេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ ចូលចតនៅឯកំពង់ផែមួយរបស់កូរ៉េខាងត្បូង ជាលើកដំបូងបំផុត ក្នុងរយៈពេលជាង ៤ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបានឱ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍មួយថានាវាមុជទឹកអាមេរិក USS Annapolis បានចូលចតនៅឯមូលដ្ឋានទ័ពជើងទឹកមួយ នៅឯ កោះចេជូ (Jeju) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដើម្បីដឹកបរិក្ខារយោធា ក្នុងបេសកកម្មមួយដែលមិនត្រូវបានបញ្ជាក់លម្អិតអ្វីនោះទេ។ សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពជើងនៃប្រទេសទាំង២ (អាមេរិក និងកូរ៉េខាងត្បូង) មានផែនការពង្រឹងជំហរយោធារួមគ្នា ជាមួយការមកដល់នៃនាវាមុជទឹក USS Annapolis ហើយដឹកនាំការផ្ដោះប្ដូរសកម្មភាព ដើម្បីរំឮកខួបលើកទី៧០ នៃសម្ព័ន្ធភាព»។
គួរបញ្ជាក់ថា នាវាមុជទឹកអាមេរិកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ USS Kentucky បានចូលចតនៅឯកំពង់ផែនៃទីក្រុងប៊ូសាន កាលពីថ្ងៃអង្គារសប្ដាហ៍មុន ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់នាវាមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក មកកាន់កូរ៉េខាងត្បូង គិតចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៨០មក។ ប៉ុន្តែ កូរ៉េខាងជើង ក៏បានព្រមានផងដែរពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ អមជាមួយការបាញ់សាកល្បងបាលិស្ទីគ ២គ្រាប់កាលពីថ្ងៃពុធ និងបាញ់ មីស៊ីលគ្រូសជាច្រើនគ្រាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ៕