(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទនេះបានរាយការណ៍ថាមនុស្សយ៉ាងហោច ១០នាក់បានស្លាប់ និងម្នាក់កំពុងជាប់នៅក្រោមគំនរបែកបាក់ បន្ទាប់ពីមានហេតុការណ៍ បាក់ដំបូលនៃមណ្ឌលកីឡាមួយ ក្នុងទីក្រុងជីជីហា (Qiqihar) នៅប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។
បើតាមទូរទស្សន៍រដ្ឋចិន CCTV ដំបូងឡើយ មានមនុស្ស ១៥នាក់ ត្រូវបានគេជឿថាបានជាប់នៅក្រោមគំនរបែកបាក់ ហើយអាជ្ញាធរបានទាញមនុស្ស ១៤នាក់ចេញពីគំនរបែក បាក់។ ការបាក់រលំដំបូលមជ្ឈមណ្ឌលកីឡាខាងលើ បានកើតឡើងនៅឯសាលារៀនមួយ ក្នុងស្រុកឡុងសា (Longsha) ស្ថិតក្នុងទីក្រុង ជីជីហា (Qiqihar) នៃខេត្ត ហៃឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិន នៅម៉ោង ២៖៥៦នាទៅរសៀល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា មានមនុស្ស ១៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្ថិតនៅក្នុងមណ្ឌលកីឡាខាងលើ នៅពេលការបាក់រលំដំបូលកើតឡើង។ ចំណែក មនុស្ស ៤នាក់បានគេចផុត ពីគ្រោះថ្នាក់ ហើយមនុស្ស១៥នាក់ ជាប់នៅក្រោមគំនរបាក់បែក។ រហូតដល់ម៉ោង ៣ទៀបភ្លឺ ថ្ងៃចន្ទនេះ ទើបមនុស្សចំនួន ១៤នាក់ត្រូវបានទាញចេញពីគំនរបែកបាក់ ដោយក្នុង នោះមានមនុស្ស ៤នាក់ក្នុងចំណោមអ្នកទាំងនេះមិនមានសញ្ញាថាពួកគេនៅរស់រានមានជីវិតនោះទេ ខណៈមនុស្ស ៦នាក់ផ្សេងទៀតបានស្លាប់ បើទោះជាទទួលបានការជួយ សង្រ្គោះពីក្រុមគ្រូពេទ្យក៏ដោយ។
ប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើងនៅឡើយ ហើយការស៊ើបអង្កេតមួយក៏កំពុងធ្វើឡើងផងដែរ៕