(អាថែន)៖ ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅលើកោះ Rhodes របស់ក្រិក បានបង្ខំអ្នកទេសចរ និងអ្នករស់នៅលើកោះរាប់ម៉ឺននាក់ ស្វែងរកទីមានសុវត្ថិភាព បន្ទាប់ពីពួកគេត្រូវបានជម្លៀសចេញពីភូមិ និងរមណីយដ្ឋានឆ្នេរសមុទ្រ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
អាជ្ញាធរក្រិកបានឱ្យដឹងថា មនុស្សប្រមាណជាង ១៩,០០០ នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ក្នុងនោះមានជាង ១៦,០០០នាក់ត្រូវបានជម្លៀសតាមផ្លូវគោក និងជាង ៣,០០០តាមផ្លូវសមុទ្រទៅកាន់កោះផ្សេង នៅក្នុងអ្វីដែលខ្លួនពិពណ៌នាថា ជា «ការជម្លៀសភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មាន» នៅក្នុងប្រវត្តិសាស្ត្រក្រិក។
ប្រភពដដែលបានឱ្យដឹងទៀតថា ភ្លើងបានឆេះរាលដាលដល់ភូមិប្រជាជននៅមាត់សមុទ្រដូចជា ភូមិ Kiotari, Gennadi, Peki, Lindos, Lados និង Kalathos ព្រមទាំងសណ្ឋាគាផងដែរ។ ហ្វូងមនុស្សដ៏ច្រើនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្រោមផ្ទៃមេឃអួរអាប់ដោយផ្សែង រង់ចាំការប្រញាប់ប្រញាល់ទៅកាន់កន្លែងសុវត្ថិភាព។
ក្រុមហ៊ុនទេសចរណ៍ធំៗដូចជា Jet2, TUI និង Correndon បានលុបចោលជើងហោះហើរទាំងអស់របស់ពួកគេទៅកាន់កោះនេះ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យបានព្រមានថា ប្រតិបត្តិការពន្លត់អគ្គីភ័យនេះនឹងត្រូវការពេលវេលាជាច្រើនថ្ងៃទៀត និងមានការលំបាកខ្លាំងដោយសារកត្តាអាកាសធាតុ និងភូមិសាស្ត្រ។
ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ដោយសារអគ្គិភ័យនេះនៅឡើយទេ។
គួរបញ្ជាក់ថា ភើងឆេះព្រៃនៅលើកោះនេះ បានចាប់ផ្តើមជិតមួយសប្តាហ៍មកហើយ ប៉ុន្តែអាជ្ញាមិនអាចទប់ស្កាត់បាន។ កោះ Rhodes គឺស្ថិតនៅភាគអាគ្នេយ៍ប្រទេសក្រិក។ កោះនេះមានការពេញនិយមពីអ្នកដើរកម្សាន្តឆ្នេរ និងជាកន្លែងប្រវត្តិសាស្ត្រផងដែរ៕