(ប៉េកាំង)៖ មនុស្ស ៥នាក់ បានស្លាប់ និង២នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេហក់ឡើង ជន់លិចភូមិមួយស្ថិតនៅក្បែរទីក្រុងហាំងចូវ (Hangzhou) នៃភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយចិន Beijing Youth Daily បានចេញផ្សាយរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទឹកលាយឡំជាមួយល្បាប់ភក់ គ្របដណ្ដប់តាមដងផ្លូវក្នុងភូមិមួយនៃទីក្រុង ដាយ័ន (Dayuan) និងជន់លិចរថយន្ដ ព្រមទាំងផ្ទះប្រជាជនផងដែរ។ ចិនតែងតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដា ប៉ុន្តែអាកាសធាតុកាន់តែអាក្រក់ និងពិបាកក្នុង ការព្យាករ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បើតាមអាជ្ញាធរចិន ទឹកជំនន់ក៏បានជន់លិចផ្នែកមួយចំនួននៃភាគឦសានប្រទេសចិន កាលពីថ្ងៃសៅរ៍ផងដែរ ដោយបង្កការខូចខាតដល់ផ្ទះរាប់សិបខ្នង និងបំផ្លាញដំណាំដាំដុះ នៅក្នុងតំបន់។ ចំណែក មនុស្សជាង ៥,៦០០នាក់ ត្រូវបានអាជ្ញាធរក្នុងខេត្តលេវនីង (Liaoning) បង្គាប់ឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព ក្រោយទីក្រុងជាច្រើន ទទួលកម្រិតទឹកភ្លៀងដល់ទៅជាង ១០០មីលីម៉ែត្រ ហើយគ្រាន់តែស្រុកមួយក្នុងទីក្រុង ដាលៀន (Dalian) នៃខេត្ត Liaoning ទទួលកម្រិតទឹកភ្លៀងដល់ទៅ ៩៣មីលីម៉ែត្រ ត្រឹមរយៈពេល ១ម៉ោងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថានឹងបន្តវាយប្រហារនៅទូទាំងប្រទេសចិន នៅថ្ងៃអាទិត្យនេះ ខណៈព្យុះភ្លៀង និងខ្យល់បក់ខ្លាំង ត្រូវបានគេរំពឹងថានឹងកើតឡើង នៅផ្នែកមួយចំនួននៃខេត្តជាំងស៊ី (Jiangxi) និងខេត្តហ្វូជៀន (Fujian)៕