(បាងកក)៖ គណបក្សភូមិចៃថៃ (Bhumjaithai) និងគណបក្ស ប៉ាឡាំង ប្រាចារ៉ាត់ (Palang Pracharath) បាននិយាយថានឹងមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះមួយបង្កើត ឡើងដោយគណបក្សភឿថៃនោះទេ ប្រសិនបើគណបក្ស Move Forward នៅតែស្ថិតនៅក្នុងក្រុមចម្រុះទាំង៨គណបក្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ការប្រកាសពីគោលជំហរខាងលើរបស់គណបក្សទាំង២ ធ្វើឡើងស្របពេលគណបក្សភឿថៃ ដែលជាគណបក្សទទួលបានសន្លឹកឆ្នោតច្រើនលំដាប់ទី២ កំពុងព្យាយាមស្វែងរក ការគាំទ្រនៅក្នុងក្រុមចម្រុះមួយ ដើម្បីបង្កើតរដ្ឋាភិបាល បន្ទាប់ពីមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ទទួលបរាជ័យនៅក្នុងការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃសុក្រកន្លងទៅ គណបក្ស Move Forward បានប្រកាសជាផ្លូវការថានឹងផ្ដល់ឱកាសឱ្យគណបក្សភឿថៃ ជាអ្នកដឹកនាំក្រុមចម្រុះ។ មេដឹកនាំគណបក្សភឿ លោក ចូលណាន់ ស្រីកែវ (Cholnan Srikaew) កាលពីថ្ងៃសៅរ៍ ទី២២ ខែកក្កដា បានជួបជាមួយដឹកនាំមកពីគណបក្សចំនួន៣ គឺគណបក្សភូមិចៃថៃ, ឆាតផាត់ថាណាក្លា (Chartpattanakla) និង ថៃរួបរួមជាតិ (United Thai Nation) នៅឯទីស្នាក់ការរបស់គណបក្សភឿថៃ។ ក្រៅពីគណបក្ស Bhumjaithai និងគណបក្ស ប៉ាឡាំង ប្រាចារ៉ាត់ (Palang Pracharath) គណបក្សថៃរួបរួមជាតិ (United Thai Nation) ក៏បានបញ្ជាក់ជាមុនដែរថានឹងមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះមួយបង្កើតឡើងដោយ គណបក្សភឿថៃ នោះទេ ប្រសិនបើមានវត្តមានគណបក្ស Move Forward។
គួរបញ្ជាក់ថា បើតាមលោក ចូលណាន់ ស្រីកែវ (Cholnan Srikaew) លក្ខខណ្ឌដែលតម្រូវឱ្យដកគណបក្ស Move Forward ចេញពីក្រុមចម្រុះទាំង៨គណបក្ស នាពេល សព្វថ្ងៃ អាចនឹងបង្កឱ្យមានភាពជាប់គាំង ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ រហូតទាល់តែគណបក្ស Move Forward យកព្រមដកខ្លួនចេញដោយខ្លួនឯង។ ប៉ុន្តែ លោក ចូលណាន់ បានបញ្ជាក់ថាការលើកឡើងរបស់លោកមិនជាការជំរុញ ឬប្រាប់ដោយប្រយោលឱ្យ Move Forward ដកខ្លួនចេញពីក្រុមចម្រុះនោះឡើយ៕