(កៀវ)៖ បក្សសម្ព័ន្ធយោធា NATO និងអ៊ុយក្រែន នឹងបើកកិច្ចពិភាក្សាពីសន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅ នៅសប្ដាហ៍ក្រោយនេះ ជាពិសេសផ្ដោតលើការធ្វើប្រតិបត្តិការនៃ ច្រកផ្លូវមួយសម្រាប់ការនាំចេញធញ្ញជាតិ តបតាមការស្នើសុំពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
បើតាមអ្នកនាំពាក្យ NATO លោកស្រី អូណា ឡាំងស្គូ (Oanu Lungescu) ក្រុមប្រឹក្សា NATO-អ៊ុយក្រែន (NATO-Ukraine Council) ដែលត្រូវបានបង្កើតឡើងនៅឯ កិច្ចប្រជុំកំពូលក្នុងប្រទេសលីទុយអានី ក្នុងខែកក្កដានេះ នឹងពិភាក្សាគ្នាពីស្ថានការណ៍ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៉ីចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញធញ្ញជាតិចេញពីកំពង់ផែនៃតំបន់សមុទ្រខ្មៅ។
លោក ហ្សេលេនស្គី បានស្នើឱ្យបើកកិច្ចប្រជុំខាងលើ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយអគ្គលេខាធិការ NATO លោក Jens Stoltenberg។ លោកស្រី ឡាំងស្គូ បានបន្ថែមថា នៅក្នុងជំនួបនេះដែរ អ្នកទាំង ២ បានជជែកគ្នាពីការដកខ្លួនរបស់រុស្ស៉ីចេញពីកិច្ចព្រមព្រៀងខាងលើដែលត្រូវបានលោកខាងលិចចោទថាទីក្រុងមូស្គូព្យាយាមប្រើប្រាស់ ស្បៀងអាហារ ជាអាវុធ ដោយកំពុងបង្កផលប៉ះពាល់ដល់ប្រជាជនងាយរងគ្រោះរាប់លាននាក់ នៅជុំវិញពិភពលោក។
គួរបញ្ជាក់ថា រុស្ស៉ី បានអះអាងថាការដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ គឺដោយសារតែបណ្ដាប្រទេសលោកខាងលិចមិនអើពើនឹងការស្នើសុំ ពាក់ព័ន្ធនឹងការធានាឱ្យបាននូវការនាំចេញចំណីអាហារ និងជីកកសិកម្មរបស់ទីក្រុងមូស្គូ។ ទីក្រុងមូស្គូ ក៏បានព្រមានដែរថារាល់កប៉ាល់ ឬនាវាដែលធ្វើដំណើរទៅកាន់កំពង់ផែ អ៊ុយក្រែន ក្នុងតំបន់សមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកជាគោលដៅយោធា៕