(អូតាវ៉ា)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសកាណាដា បានឱ្យដឹងថាភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារលើខេត្ត ណូវ៉ា ស្ដុតត្យា (Nova Scotia) ដោយបង្កជាគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
បើតាមអាជ្ញាធរកាណាដា ព្យុះភ្លៀងដែលបានចាប់ផ្ដើមកាលពីថ្ងៃសុក្រកន្លងទៅមក បាននាំមកជាមួយនូវភ្លៀងធ្លាក់ក្នុងកម្រិតកម្ពស់ទឹក ២៥សង់ទីម៉ែត្រ នៅតាមតំបន់ខ្លះ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ហើយជាធម្មតា ភ្លៀងធ្លាក់ក្នុងរយៈពេល ៣ខែឯណោះ ទើបមានកម្រិតកម្ពស់ទឹកទឹកភ្លៀងបែបនេះ។ ទឹកជំនន់បានជន់លិចផ្លូវ និងផ្ទះជាច្រើនខ្នង ដោយបង្កការខូចខាតនឹកស្មានមិនដល់ ខណៈមនុស្ស៤នាក់បានបាត់ខ្លួន ក្នុងនោះរួមមានទាំងកុមារ ២នាក់ផងដែរ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Toronto ថាលោកពិតជាមានការព្រួយបារម្ភ យ៉ាងខ្លាំងពីស្ថានភាពទឹកជំនន់ ហើយសន្យាថារដ្ឋាភិបាលរបស់លោកនឹងផ្ដល់ជំនួយ និងការគាំទ្រនានាដល់ប្រជាជនក្នុងខេត្ត ណូវ៉ា ស្ដុតត្យា (Nova Scotia៕