(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃមានល្បឿនយ៉ាងលឿនរហ័សមួយ បានបង្ខំឱ្យប្រជាជនត្រូវជម្លៀសខ្លួនចេញពីទីជនបទ នៃតំបន់ Klickitat County រដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បន្ទាប់ពីភ្លើងឆេះព្រៃនេះបានឆេះរាលដាលលើផ្ទៃដីជាង ១២,០០០ហិកតា ក្នុងរយៈពេលមិនដល់២៤ម៉ោងស្រួលបួលផង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ភ្លើងឆេះព្រៃឈ្មោះ The Newell Road Wildfire ក៏បានបំផ្លាញរួចហើយដែរនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងតំបន់ និងកំពុងគំរាមកំហែងដល់ផ្ទះសម្បែង ដីស្រែចម្ការ ដំណាំដាំដុះ សត្វចិញ្ចឹម ស្ថានីយផលិតអគ្គិសនីពីផ្ទាំងសូឡា និងកង្ហារខ្យល់ ព្រមទាំងបំពង់បង្ហូរឧស្ម័នធម្មជាតិមួយផងដែរ។ បច្ចុប្បន្ន ភ្លើងឆេះព្រៃនេះ កំពុងឆេះរាលដាលឆ្ពោះទៅកាន់តំបន់កុលសម្ព័ន្ធ ជនជាតិដើមភាគតិច Yakama Indian Reservation ដែលមានប្រជាជន ៨០នាក់រស់នៅ និងស្ថិតនៅចម្ងាយ១៩០គីឡូម៉ែត្រពីទីក្រុង Portland នៃរដ្ឋ Oregon។
គួរបញ្ជាក់ថា អាជ្ញាធរអាមេរិក មិនទាន់បានបញ្ជាក់ថាតើភ្លើងឆេះព្រៃនេះបណ្ដាលមកពីមូលហេតុអ្វីនោះទេ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះដែរ ខណៈ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធទប់ទល់នឹងអណ្ដាតភ្លើង៕