(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) នឹងត្រូវជួបគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ តែ២ថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងមូស្គូ ព្រមានថាការឈ្លានពានណាមួយប្រឆាំងនឹងបេឡារុស នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ពូទីន កាលពីថ្ងៃសុក្រកន្លងទៅនេះ បាននិយាយថាទីក្រុងមូស្គូ នឹងប្រើប្រាស់គ្រប់មធ្យោបាយទំាងអស់ដែលខ្លួនមាន ដើម្បីឆ្លើយតបទៅនឹងរាល់ទង្វើអរិភាពប្រឆាំងនឹងទីក្រុង មីនស្កិ៍។ ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ទៀតសោត កើតមានឡើង បន្ទាប់ពីប៉ូឡូញ កាលពីដើមសប្ដាហ៍កន្លងទៅ បានបញ្ជូនអង្គភាពយោធាមួយ ទៅកាន់តំបន់ព្រំដែន របស់ខ្លួនជាប់បេឡារុស ជាការឆ្លើយតបទៅនឹងវត្តមានទាហានស៊ីឈ្នួលរុស្ស៉ី Wagner លើទឹកដីបេឡារុស។
បើតាមវិមានក្រឹមឡាំង លោក លូកាសិនកូ នឹងបំពេញដំណើរទស្សនកិច្ចការងារមកកាន់ប្រទេសរុស្ស៉ី ហើយនឹងជជែកពិភាក្សាជាមួយលោក ពូទីន ស្ដីពីការអភិវឌ្ឍនៃទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំង២ នៅពេលអនាគត។
គួរបញ្ជាក់ថា ខណៈមិនបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ីក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន លោក លូកាសិនកូ បានបើកដៃឱ្យរុស្ស៉ីប្រើប្រាស់ទឹកដីបេឡារុស ដើម្បីបើកការឈ្លានពាន លើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយចាប់តាំងពីនោះមកដែរ ប្រធានាធិបតីបេឡារុសរូបនេះតែងតែជួបលោក ពូទីន ជាញឹកញាប់៕