(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ អ្នករាយការណ៍ព័ត៌មានម្នាក់របស់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៉ីត្រូវបានសម្លាប់ ហើយអ្នកកាសែតរុស្ស៉ីចំនួន ៣នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ផ្លោង នៅក្បែរទីតាំងជួរមុខនៃតំបន់ហ្សាប៉ូរ៉ិចហ្សីយ៉ា (Zaporizhzhia) ដែលស្ថិតនៅឯភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ីបញ្ជាក់ថា អ្នកកាសែតទាំងនោះបានរងរបួសក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន។ ក្រោយមក ពួកគេត្រូវបានជម្លៀសចេញពីសមរភូមិ ប៉ុន្តែអ្នករាយការណ៍ព័ត៌មាន លោក រ៉ូស្ទីសឡាវ ហ្សួរ៉ាវឡេវ (Rostislav Zhuravlev) បានស្លាប់អំឡុងពេលធ្វើដំណើរ។
ទីភ្នាក់ងារព័ត៌មាន RIA ក៏បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួនត្រូវបានសម្លាប់ ខណៈដែលកំពុងរាយការណ៍នៅក្នុងភូមិ Piatykhatky ហើយអ្នកថតរូបម្នាក់ក្នុងចំណោមនោះក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា រុស្ស៉ី បានចោទអ៊ុយក្រែនថាប្រើប្រាស់គ្រាប់បែកចង្កោមក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែមិនបានផ្តល់ភស្តុតាងនោះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយមិនអាចធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យបាន៕