(ញូដេលី)៖ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅឯរដ្ឋម៉ាសារ៉ាស់ត្រា (Maharashtra) ភាគខាងលិចប្រទេស បានកើនឡើងដល់ ២៦នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតអាចជាប់នៅក្រោមស្រទាប់ភក់ ពីរថ្ងៃបន្ទាប់ពីកើតមានគ្រោះមហន្តរាយនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីមួយរូបនៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានបញ្ជាក់ថា «យើងកំពុងប្រើប្រាស់ឧបករណ៍បច្ចេកទេសសម្រាប់កិច្ចការជួយសង្គ្រោះ។ យើងមិនអាចវិនិច្ឆ័យបានទេ ថាតើមានមនុស្សប៉ុន្មាននាក់ដែលនៅជាប់ក្រោមដីភក់»។
មន្ត្រីដដែលរូបនោះ បានបន្ថែមថា សាកសពមនុស្ស ៤នាក់ទៀតត្រូវបានទាញចេញពីក្រោមភក់ នៅថ្ងៃសៅរ៍នេះ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងត្រូវបង្អាក់ដោយភ្លៀងធ្លាក់ឥតឈប់ឈរ ភាពងងឹត និងតំបន់ភ្នំ។ មានផ្ទះប្រហែល ១៦ ទៅ១៧ ខ្នងរងផលប៉ះពាល់ដោយការបាក់ដី ហើយគ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅ។
គួរបញ្ជាក់ថា ការបាក់ដីបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងភូមិភ្នំដាច់ស្រយាលមួយនៃភ្នំ Irshalwadi ចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីទីក្រុងម៉ុមបៃ (Mumbai)។ ភូមិនេះមានមនុស្សរស់នៅប្រហែល ២២៥នាក់ ដោយក្នុងនោះ ៨០នាក់ជម្លៀសខ្លួនចេញ៕